ស្ថាប័នផ្តល់យោបល់របស់អាមេរិកមួយ បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសវៀតណាមកំពុងពង្រីកផ្លូវចុះចតយន្តហោះនៅលើកោះមួយ ដែលខ្លួនបានទាមទារនៅក្នុង សមុទ្រចិនខាងត្បូងក្នុងការឆ្លើយតបជាក់ស្ដែង ចំពោះការកសាងមូលដ្ឋានឧបករណ៍យោធារបស់ចិននៅលើកោះសិប្បនិម្មិតនៅក្នុងតំបន់នេះ។
កម្មវិធីមួយឈ្មោះ ការផ្តើមគំនិតតម្លាភាពដែនសមុទ្រនៅតំបន់អាស៊ីរបស់ទីក្រុងវ៉ាស៊ីនតោន (AMTI) បាននិយាយថា រូបភាពពីផ្កាយរណបបានបង្ហាញនៅខែនេះថា វៀតណាមបានពង្រីកផ្លូវចុះចតយន្តហោះរបស់ខ្លួននៅលើកោះ Spratly ពីតិចជាង ២៥០០ ហ្វីត ស្មើនឹង (៧៦០ ម៉ែត្រ) រហូតដល់ជាង ៣.៣០០ ហ្វីត ស្មើនឹង (១ គីឡូម៉ែត្រ)។
AMTI ដែលជាគម្រោងមួយនៃមជ្ឈមណ្ឌលសម្រាប់ស្ថាប័នផ្តល់យោបល់ផ្នែកយុទ្ធសាស្ត្រ និង សិក្សាស្រាវជ្រាវអន្តរជាតិបាននិយាយថា ការចាក់ដីបំពេញដែលបានបន្តនោះទំនងជានឹងមានន័យ ថា ផ្លូវចុះចតយន្តហោះនេះត្រូវបានពង្រីករហូតដល់ជាង ៤,០០០ ហ្វីត ស្មើនឹង (១,២ គីឡូ ម៉ែត្រ)។
AMTI បាននិយាយថា ផ្លូវចុះចតយន្តហោះបានធ្វើឱ្យប្រសើរឡើងដែលអាចផ្ទុកយន្តហោះល្បាតតាមសមុទ្រ និងការដឹកជញ្ជូនយន្តហោះ ព្រមទាំងយន្តហោះប្រយុទ្ធផងដែរ។
របាយការណ៍នេះបាននិយាយថា ប្រទេសវៀតណាមបានបន្ថែមប្រហែល ៥៧ អា ស្មើនឹង (២៣ ហិកតា) នៃផ្ទៃដីទៅកាន់កោះ Spratly ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការចាក់ដីរបស់ខ្លួននេះនៅតែតិចតួចណាស់ បើប្រៀបធៀបជាមួយចិន។
ចិនបានសាងសង់ផ្លូវចុះចតយន្តហោះយោធាដ៏វែងនៅលើកោះសិប្បនិម្មិតចំនួន៣ ដែលខ្លួនបានសាងសង់ឡើងនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ២០១៣ មកម្លះ។
សហរដ្ឋអាមេរិក ដែលបានរិះគន់ការចាក់ដីរបស់ចិននៅសមុទ្រចិនខាងត្បូង និងបានបង្កើនការពារកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការឆ្លើយតបនោះ បាននិយាយថា វាគឺជាការយល់ដឹងអំពីរបាយការណ៍ដែលថា រដ្ឋាភិបាលក្រុងហាណូយបានធ្វើឱ្យប្រសើរឡើងដល់ភាពងាយស្រួលមួយចំនួនរបស់ខ្លួន នៅទីប្រចាំការខាងក្រៅនៅកោះ Spratly ។
លោកស្រី Anna Richey- Allen អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា «យើងលើកទឹកចិត្តប្រទេសទាមទារទាំងអស់ឱ្យចាត់វិធានការដើម្បីបន្ថយភាពតានតឹង និងដោយ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី»។
សារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍នៅក្នុងខែសីហា ថា វៀតណាមបានបញ្ចេញ ការតវ៉ាដោយប្រុងប្រយ័ត្នទៅលើបណ្តាកោះរបស់ខ្លួន នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយបំពាក់រ៉ុក្កែតដែលមានសមត្ថភាពអាចវាយប្រហារទៅលើទីតាំងយោធា និងផ្លូវចុះចតយន្តហោះរបស់ចិន ដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះ។
ក្រុមអ្នកវិភាគផ្នែកយោធាបាននិយាយថា ការដាក់ពង្រាយជើងទម្របាញ់គ្រាប់រ៉ុក្កែតនេះ គឺជាវិធានការសំខាន់បំផុតដែលវៀតណាមបានធ្វើឡើងនៅលើការកាន់កាប់របស់ខ្លួន នៅសមុទ្រចិនខាងត្បូងក្នុងទសវត្សរ៍នេះ ហើយវាបានបញ្ជាក់ពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងហាណូយ អំពីភាពគឃ្លើនរបស់ចិនក្នុងការទាមទារទឹកដីនៅក្នុងតំបន់មានជម្លោះនេះ។
ក្រសួងការបរទេសវៀតណាមបានហៅព័ត៌មាននេះថា «មិនត្រឹមត្រូវ» ដោយមិនលម្អិត៕
ប្រភព : Reuters ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦
