កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសហប្រធាននៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Felipe A. Judan អនុរដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន និងឯកឧត្តម Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន។
រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន និងបានឯកភាពលើគម្រោង/សកម្មភាពអាស៊ាន-ចិន ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៧ និងបានអនុម័ត ផែនការយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន (កែសម្រួល ឡើងវិញ) ដែលស្របតាមគោលដៅ និងសកម្មភាព នៃផែនការយុទ្ធសាស្ត្រដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ និងទស្សនៈវិស័យ “ខ្សែក្រវាត់មួយ-ផ្លូវមួយ” របស់ប្រទេសចិន។ ផែនការយុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយយ៉ាងសំខាន់សម្រាប់ការកំណត់អាទិភាព ការរៀបចំកម្មវិធីវិនិយោគ និងការកៀងគរមូលនិធិ សម្រាប់ច្រករបៀងដឹកជញ្ជូនសំខាន់ៗចំនួន៧ រវាងអាស៊ាន-ចិន ។
រដ្ឋមន្រ្តីដែលចូលរួមទាំងអស់បានអនុម័ត យុទ្ធសាស្ដ្រអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្តដឹកជញ្ជូនអាស៊ាន-ចិន ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្តដឹកជញ្ជូន និងការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយចិន តាមរយៈ ការស្រាវជ្រាវនិងការអភិវឌ្ឍ ស្ដង់ដារនិងបទដ្ឋានបច្ចេកទេស សេវា បច្ចេកវិទ្យា ការផ្លាស់ប្តូរយោបល់គ្នារវាងអ្នកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងការរៀបចំផែនការ ស្រាវជ្រាវ៕