(ស្វាយរៀង) ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថាក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តស្វាយរៀង និងមន្ត្រីរាជការជានារី ស្ថិតនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកជំទាវ ក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខសន្តិភាព ត្រូវចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឱ្យបានឆ្ងាយ និងធ្វើឱ្យបានទូលាយជាងមុន ត្រូវធ្វើឱ្យបានល្អនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ ក្នុងនាមជាមន្ត្រីរាជការត្រូវចូលរួម ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា ត្រូវទៅចុះឈ្មោះបោះឆ្នោត ឱ្យបាន គ្រប់ៗគ្នា និងត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារី ជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្តផងដែរ។
នាឱកាសជួបសំណេះសំណាលនោះផងដែរ លោកជំទាវ ក៏បានពាំនាំផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អ្នកដែលបានចូលរួមទាំងអស់ និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកជំទាវក៏បន្តទៀតថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕