(កំពង់ស្ពឺ) ៖ កាលពីព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក តុង សេង ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ អស់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងខ្វះខាតស្បៀងអាហារសរុបចំនួន ២៥០គ្រួសារ មកពីភូមិ១៧ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះផងដែរ លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់ ហើយសូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ សំអាតបរិស្ថានជុំវិញផ្ទះ ដោយប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
អំណោយដែលទទួលបានក្នុងពេលនោះ ក្នុង ១គ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ទឹកដោះគោខាប់ ១កំប៉ុង ប្រេងឆា ១ដប មី ១កេស នំ ១ធុង និងថវិកាចំនួន ២០,០០០រៀលផងដែរ៕