លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦នេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង ហើយស្នាមញញឹមរបស់ប្រជាពលរដ្ឋពិតជាបានបង្កប់នូវភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។
យើងក៏មិនអាចភ្លេចផងដែរនូវស្មារតីសាមគ្គីភាព ទំនួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីសុខាភិបាល បុគ្គលិកសម្អាតអនាម័យ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មបំរើបងប្អូនប្រជាពលរដ្ឋអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ។
លោកអភិបាលរាជធានី ក៏បានថ្លែងអរគុណ និងអធ្យាស្រ័យដល់បងប្អូនដែលត្រូវបំពេញភារកិច្ចជូនព្រះរាជពិធី ក៏ដូចជាក្រុមគ្រួសារ ដែលមានប្តីប្រពន្ធ ឪពុកម្តាយ ឬកូនក្មួយ ដែលពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់កំដរក្រុមគ្រួសារ ក្នុងខណៈប្រជាពលរដ្ឋទូទៅបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ គណៈបញ្ជាការសាលារាជធានីភ្នំពេញ បានរៀបចំ ជាច្រើនចាប់តាំងពីមុនព្រះរាជពិធីបុណ្យរហូតដល់ចប់ជាស្ថាពរ ពាក់ព័ន្ធតាំងពីផ្នែកសន្តិសុខ អនាម័យ សុខភាព និងសោភ័ណភាពជាដើម៕