ការបោះឆ្នោតនៅក្នុងប្រទេសទាំងពីរ អាចកំណត់នូវទំនាក់ទំនងនាពេលអនាគតរបស់ពួកគេជាមួយនឹងប្រទេសជិតខាងមួយចំនួនរបស់អាស៊ាន។
ប្រទេស Papua New Guinea (PNG) និងប្រទេស Timor-Leste មានមហិច្ឆតាក្នុងការចូលរួមនឹងប្លុកពាណិជ្ជកម្មប្រទេសទាំង១០ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ។ ប្រទេសទាំងពីរកំពុងតែជួបការលំបាកខាងផ្នែកលទ្ធិប្រជាធិបតេយ្យ។ ប្រជាជាតិទាំងនេះជាប់ឈ្មោះជាប្រទេសអភិវឌ្ឍតិចតួច និងមានប្រវត្តិជាតំបន់ដែលប្រើប្រាស់អំពើហិង្សា។ ហើយក៏មិនមានតួនាទីជារដ្ឋអធិបតេយ្យច្បាស់លាស់ ដែលនាំឱ្យលេខាធិការដ្ឋាននៅក្នុងទីក្រុង Jakarta នឹងស្វាគមន៍ទទួលយក ដោយការបើកចំហនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៃការពាក្យស្នើសុំចូលអាស៊ានរបស់ប្រទេសទាំងពីរនេះ នឹងលើកឡើងដូចគ្នា ដែលត្រូវបានគេនិយាយអំពីប្រទេសកម្ពុជា ឡាវ និងភូមា នៅពេលដែលពួកគេបានចូលរួមនៅក្នុងប្លុកដ៏រឹងមាំដែលមានប្រជាជនចំនួន ៦០០ លាននាក់ កាលពីទសវត្សរ៍ទី៩០។ ប៉ុន្តែប្រទេសទាំងបីនេះ បានអួតអាងពីចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ និងតួនាទីជាយុទ្ធសាស្រ្ត ដែលចាំបាច់សម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានចាប់ផ្តើមនៅឆ្នាំនេះ។
លោក Keith Loveard ដែលជាអ្នកវិភាគពីហានិភ័យថ្នាក់តំបន់នៅក្រុមហ៊ុនប្រឹក្សាយោបល់ Concord Consultancy មានមូលដ្ឋាននៅក្នុងទីក្រុង Jakarta បាននិយាយថា «ស្ថិរភាពគឺជាបញ្ហាមួយនៅគ្រប់ទីកន្លែងទាំងអស់»។
គាត់បាននិយាយថា «ទោះបីជាយ៉ាងណាក៏ដោយ មិនថាប្រទេស PNG ឬប្រទេស Timor-Leste បានបង្ហាញថា ពួកគេអាចរក្សាស្ថិរភាពយ៉ាងណាទេ។ រដ្ឋាភិបាល PNG កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលផុយស្រួយ ថែមទាំងពិបាកនិយាយអំពីស្ថិរភាព នៅដែលទីក្រុងនេះបានក្លាយទៅជាតំបន់មួយដែលមិនអាចឱ្យមនុស្សចូលទៅដល់ ដែលហួសពីការនិយាយទៅទៀត។ ប្រទេស Timor-Leste បានជួបប្រទះបញ្ហាជាច្រើនក្នុងការរក្សាស្ថិរភាព ចាប់តាំងពីទទួលបានឯករាជ្យ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានការច្រណែនឈ្នានីសរវាងផ្នែកភាគខាងកើត និងផ្នែកភាគខាងលិចនៃប្រទេសនេះ»។
កេរ្តិ៍ឈ្មោះរបស់ពួកគេឈានទៅរកចំណុចមួយដែលកាន់តែធ្ងន់ធ្ងរ ប៉ុន្តែប្រទេស PNG និងប្រទេស Timor-Leste នឹងរៀបចំការបោះឆ្នោតដ៏សំខាន់ជាយុទ្ធសាស្រ្តក្នុងពេលឆាប់ៗនេះ ដែលនឹងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយអ្នកសង្កេតការណ៍ថ្នាក់តំបន់ និងធ្វើជាអ្នកបង្ហាញយុទ្ធសាស្រ្តសម្រាប់អនាគតរបស់ពួកគេរៀងៗខ្លួន និងទីកន្លែងរបស់ពួកគេនៅក្នុងតំបន់។
លោក Gavin Greenwood ដែលជាអ្នកវិភាគផ្នែកសន្តិសុខថ្នាក់តំបន់នៅក្រុមហ៊ុន Allan Associates មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង បាននិយាយថា ប្រទេស PNG នៅតែជាប្រទេសដែលមានភាពច្របូកច្របល់ និងបញ្ហាប្រឈមផ្នែកនយោបាយ ហើយរឿងនេះនឹងមិនផ្លាស់ប្តូរនៅពេលមុនបោះឆ្នោតទេ។
លោក Loveard បាននិយាយថា «តើវាអាចធ្វើទៅកើតទេ ចំពោះការដែលមើលឃើញថាកិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងនៅក្នុងទីក្រុង Dili ឬទីក្រុង Port Moresby នោះ? ពុំមានការសង្ស័យទេ ដែលថាប្រទេសទាំងពីរនឹងទទួលផលប្រយោជន៍ពីសមាជិកភាពរបស់អាស៊ាន មិនត្រឹមតែពាណិជ្ជកម្មបើកទូលាយប៉ុណ្ណោះទេ។ ប៉ុន្តែតើវាផ្ទុយពីការពិតឬ? វាហាក់បីដូចជាមិនកើតឡើងអញ្ចឹងនោះទេ។
មានការលើកឡើងផងដែរថា ប្រទេសបង់ក្លាដេស ស្រីលង្កា និងសូម្បីតែកោះតៃវ៉ាន់ អាចចូលរួមនៅក្នុងសមាគមអាស៊ានដែរ៕
ប្រភព: The Diplomat ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦