លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាត្រូវតែមាន“សន្តិភាព” ដាច់ខាតដើម្បីយើងមានឱកាសកសាងប្រទេសជាតិ

ថ្ងៃពុធ ទី ១៦ វិច្ឆិកា ២០១៦​
137

មួយថ្ងៃបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានបញ្ចប់ប្រកបដោយជោគជ័យ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់លោកថា ក្នុងពេលដែលកម្ពុជាប្រាព្ឋព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ យ៉ាងសប្បាយរីករាយបំផុតនោះ គឺមានប្រទេសមួយចំនួនកំពុងរត់លូនដោយសារ សង្គ្រាមយ៉ាងវេទនាបំផុត ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនទសវត្សកន្លងមកហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែមាន “សន្តិភាព” ដាច់ខាតដើម្បីយើងមានឱកាសកសាងប្រទេសជាតិ។ ជាងនេះទៅទៀត ពិធីបុណ្យអុំទូក៣ថ្ងៃនេះកន្លងទៅនេះ បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករ និងបានផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកអោយគេបានស្គាល់ព្រះរាជាណាចក្រកម្ពុជាយើងកាន់តែច្រើនឡើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សព្វផ្សាយពិធីបុណ្យអុំទូកតាមបណ្តាញសារព័ត៌មាន និងតាមបណ្តាញសង្គមនានា និងបានជូនពរឱ្យបងប្អូនជនរួមជាតិធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពតាមផ្លូវត្រលប់ទៅស្រុកកំណើតវិញផងដែរ៕

gnn-water-festival-2016-1

gnn-water-festival-2016-2

gnn-water-festival-2016-3

ចែករំលែក

បញ្ចេញយោបល់