សហគមន៍កសិកម្ម មានតួនាទី​យ៉ាងសំខាន់​ក្នុងការជួយ​ដល់ជីវភាព​របស់ប្រជាកសិករ​នៅតាមមូលដ្ឋាន​ដោយផ្ទាល់​

ថ្ងៃចន្ទ ទី ២៦ កុម្ភៈ ២០១៨​
144

ប៉ៃលិន៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានថ្លែងថា សហគមន៍កសិកម្មមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ជីវភាពរបស់ប្រជាកសិករ នៅតាមមូលដ្ឋានដោយផ្ទាល់ ដូច្នេះដើម្បីឱ្យសហគមន៍កសិកម្មនេះ មាននិរន្តរភាព និងមានការរីកចម្រើនទៅបាន គឺថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងមូល ត្រូវបង្កើននូវជំនឿចិត្ត មានភាពស្មោះត្រង់និងតម្លាភាព។

លោកស្រីអភិបាលរងខេត្តបានថ្លែងដូចនេះ នៅក្នុងមហាសន្និបាតលើកទី៧ ២០១៧-២០១៨ របស់សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត តំណាងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងសមាជិកសហគមន៍ប្រមាណជាង ៣០០នាក់ផងដែរ។

លោកស្រី សោ មុន្នីរ័ត្ន បានបន្តថា ការធ្វើមហាសន្និបាតរបស់សហគមន៍នាពេលនេះ គឺជាឱកាសមួយយ៉ាងសំខាន់ សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវលទ្ធផលការងារ ដែលសហគមន៍បានអនុវត្តន៍នាពេលកន្លងមក និងផែនការទិសដៅផ្សេងៗ ដែលសហគមន៍ត្រូវធ្វើបន្ត។ ដូចនេះបើបងប្អូនមានចម្ងល់ត្រូវសួរ កុំឱ្យមានមន្ទិល និងមិនទុកចិត្តគ្នាទៅថ្ងៃក្រោយ។

នាឱកាសនោះដែរ លោកស្រី ឃុន ធឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន បានឱ្យដឹងថា សហគមន៍នេះ គឺផ្តោតសំខាន់ទៅលើតម្លាភាព ភាពស្មោះត្រង់ ប្រកបដោយជំនឿចិត្ត ដោយរាល់ការងាររបស់សហគមន៍ទាំងអស់ ត្រូវឆ្លងការសម្រេច និងឯកភាពពីក្រុមប្រឹក្សាភិបាលចំនួន៥នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ចំនួន៣នាក់ របស់សហគមន៍ទាំងមូល ហើយក្នុងនោះក៏មានការជួយសម្របសម្រួល និងគាំទ្រពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្ត និងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ផងដែរ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន បង្កើតឡើងនៅឆ្នាំ២០០៩ ដោយ គម្រោងអភិវឌ្ឍន៍កសិកម្មក្នុងតំបន់រងគ្រោះដោយសារមីននៅកម្ពុជា ហៅកាត់ថា ADMAC ដែលមានសមាជិកចូលរួមដំបូងចំនួន ២០៣នាក់ ហើយមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍មានសមាជិក ៤៨១នាក់ ស្រី២៧៣នាក់ មានទុនសរុប ៤៣៥ ៥៥២ ៤០០ រៀល ដែលមានមុខរបរចំនួន ៥ គឺ ១-ទិញលក់គ្រាប់ពូជ ជីថ្នាំកសិកម្ម, ២-ទិញលក់ សម្ភារៈកសិកម្ម ជូនសមាជិក និងមិនមែនសមាជិក, ៣-ទិញលក់ ផលិតផល កសិកផល របស់សមាជិក និងមិនមែនសមាជិក, ៤-ធ្វើឥណទានជូនសមាជិក និងមិនមែនសមាជិក និង៥-ផ្តល់សេវាកម្មសន្សំប្រាក់ ដោយនៅឆ្នាំនេះ សហគមន៍រកចំនូលបាន ៥៦ ៨០៨ ៣០០ រៀល៕

ចែករំលែក

បញ្ចេញយោបល់