តើស្ថាប័នព្រឹទ្ធសភាកម្ពុជា មានប្រវត្តិយ៉ាងណា និងមានតួនាទីយ៉ាងដូចម្តេច?

ថ្ងៃអាទិត្យ ទី ២៥ កុម្ភៈ ២០១៨​
1021

គិតទាំងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះទៀត ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​ប្រសូត្រ​ឡើង ៤អាណត្តិហើយ។ សម្រាប់រយៈពេល ៣អាណត្តិកន្លងទៅនេះ ស្ថាប័ន្ថព្រឹទ្ធសភា​បាន​បំពេញ​ភារកិច្ច និងតួនាទីជាច្រើនសម្រាប់ប្រទេសជាតិនិងប្រជាជន។

ស្ថាប័ន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវ​បាន​បង្កើត​ឡើងចាប់តាំងពីឆ្នាំ១៩៩៨ ក្រោមកិច្ច​សម្រប​សម្រួល​នយោបាយ​មួយរវាងគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​ហ្វ៊ុន​ស៊ីន​​ប៉ិច ដែលកាលណោះក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​បំផុតរបស់​ព្រះបរមរតន​កោដ្ឋ។ ព្រឹទ្ធសភា​ នីតិ​កាល​​ទី១ កើត​ឡើង​ដោយ​ការ​តែង​តាំង និង​មាន​អាណត្តិ ​៥ឆ្នាំ។ សមាជិក​​ចំនួន ​៦១រូប ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​​ឥស្សរជន​ជាន់​ខ្ពស់នៃ​គណបក្ស​នយោ​បាយ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី២។

ព្រឹទ្ធសភា នីតិ​កាល​ទី១ បាន​បើក​សម័យ​ប្រជុំ​លើក​ទី១របស់ខ្លួន នៅ​ថ្ងៃទី​២៥ខែ​មីនា ឆ្នាំ​១៩៩៩។ បន្ទាប់​មក​ព្រឹទ្ធសភា​​នីតិកាល​ទី២ កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ជា​អសកលនាថ្ងៃ​អាទិត្យទី​២២ ខែ​មករា ឆ្នាំ​២០០៦ ដោយ​មាន​​អាណត្តិ​ ៦ឆ្នាំ។ ក្នុង​ចំណោមសមាជិក ​៦១រូប មាន ​៥៧រូប ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​អសកល, ០២រូប ​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង ​០២រូប ​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ។

ព្រឹទ្ធសភា ​​នីតិកាល​​ទី២នេះ បាន​​បើក​​សម័យ​​ប្រជុំ​​ដំបូងរបស់ខ្លួននា​​ថ្ងៃ​ទី​​២០ ខែ​​មីនា ឆ្នាំ​​២០០៦ ដោយ​មាន​អាណត្តិ ​៦ឆ្នាំ។ ក្នុង​ចំណោម​សមាជិក ៦១រូប មាន ៥៧រូប ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​អសកល, ០២រូប​ ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​ ០២រូប ​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ ដូច​នីតិកាលទី១ ដែរ។

សម្រាប់ព្រឹទ្ធសភា នីតិកាលទី៣ វិញក៏បានបើកសម័យប្រជុំដំបូងរបស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១២ ដោយ​មានអាណត្តិ ៦ឆ្នាំ ដូចព្រឹទ្ធសភា នីតិកាលទី២ ដែរ។ ក្នុងចំណោមសមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់មាន ៦១រូប ​មាន ៥៧រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល, ០២​រូប​ជ្រើស​តាំង​ដោយរដ្ឋសភា និង ០២​រូប​ទៀត​តែងតាំងដោយព្រះមហាក្សត្រ។

ដោយឡែក ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ដែលត្រូវធ្វើឡើងនៅថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ៤រួមមាន៖ គណ​បក្ស​ប្រជា​ជនកម្ពុជា ឈរ​លេខ​រៀងទី១, គណបក្សយុវជនកម្ពុជា ឈរលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ ​ឈរលេខ​រៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឈរលេខរៀងទី៤។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គឺមានអង្គបោះឆ្នោតរួមមាន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ១១,៥៧២​​រូប និងតំណាងរាស្ត្រ ១២៣រូបប៉ុណ្ណោះ។ អង្គបោះឆ្នោតទាំងនេះ នឹងប្រើសិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​ជ្រើស​រើស​សមាជិកព្រឹទ្ធសភាអាណត្តិថ្មី ដែលមានអាសនៈចំនួន៦២​ ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​ ០២រូប ត្រូវ​បាន​ជ្រើស​​តាំង​ដោយ​ព្រះមហាក្សត្រ, ០២រូបត្រូវបានបោះឆ្នោតដោយរដ្ឋសភា និង ៥៨រូប ទៀត​ត្រូវ​បោះ​ឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង។ ការបោះឆ្នោតនេះ ចែក​ចេញជា ៨ភូមិភាគ និង​មាន​ការិយាល័យ​ចំនួន៣៣ នៅទូទាំងរាជធានី/ខេត្ត។

ដោយឡែកចំពោះមុខងារ និងតួនាទីវិញ ព្រឹទ្ធសភាកម្ពុជា មានមុខងារពិនិត្យឲ្យយោបល់​លើសេចក្តី​ព្រាង​​ច្បាប់​ដែល​អនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺការ​ពិនិត្យ​ឡើង​វិញ​រាល់​អត្ថបទច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភា​មិន​អាច​បញ្ជូន​ច្បាប់​ដែល​ខ្លួន​បាន​អនុម័ត​រួច​ហើយ ឲ្យព្រះមហាក្សត្រឡាយ​ព្រះហស្តលេខាប្រកាសឲ្យ​ប្រើជាផ្លូវ​ការ​មុន​ពេល​ដាក់​ឆ្លងឲ្យ​ព្រឹទ្ធ​សភា​ពិនិត្យ​បានឡើយ។

ព្រឹទ្ធសភាមានអំណាចត្រួតពិនិត្យព្រមទាំងធ្វើអនុសាសន៍ទៅលើពង្រាង​ច្បាប់ ឬសេចក្តីស្នើច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយរដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាអាចធ្វើការបដិសេធ ឬស្នើឲ្យធ្វើវិសោធនកម្ម​ទៅ​លើ​អត្ថបទច្បាប់ ព្រឹទ្ធ​សភាពុំមានអំណាចចាប់បង្ខំឲ្យរដ្ឋសភាទទួលយកអនុសាសន៍របស់​ខ្លួន​ឡើយ​។ ចំណែកឯរដ្ឋសភាវិញ អាច​បដិសេធ​មិនទទួលអនុសាសន៍របស់ព្រឹទ្ធសភា ហើយនឹង​អាច​អនុម័តឲ្យ​ចេញនូវច្បាប់ដែលព្រឹទ្ធសភា​បាន​បដិសេធ។

ច្បាប់ណាក៏ដោយ បើទោះបីជាព្រឹទ្ធសភាបដិសេធតែទីបំផុតនៅតែ​ត្រូវ​បានរដ្ឋសភាអនុម័ត ហើយ​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រឡាយព្រះហស្តលេខា និងប្រកាសឲ្យប្រើ។ ​រដ្ឋធម្មនុញ្ញ មិនបានផ្តល់ឲ្យព្រឹទ្ធសភា នូវអំណាច អនុម័ត​​នូវ​ច្បាប់ ឬអំណាចជំទាស់អត្ថបទច្បាប់ឡើយ ប៉ុន្តែផ្តល់ឲ្យនូវតួនាទី​​​ប្រឹក្សា​ ​ឬអំណាចធ្វើអនុសាសន៍ ដែលរដ្ឋសភា បាន​អនុម័ត។ ព្រឹទ្ធសភាសហការជាមួយរដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ដើម្បីរៀបចំ​ឲ្យបាន​ចេញជា​រូប​រាង​នូវ​កម្មវិធី និង​ប្រតិទិននៃការកសាងច្បាប់សម្រាប់ឆ្នាំនីមួយៗ។

ព្រឹទ្ធសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ក្នុងរយៈពេលមួយខែយ៉ាងយូរ ដែលរដ្ឋសភាបាន​អនុម័ត​យល់​ព្រម​លើក​ដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់បើជាការប្រញាប់ឲ្យ​ពិនិត្យ។ បើ​ជា​ការ​ប្រញាប់ រយៈពេលនោះ ត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។ បើព្រឹទ្ធសភា​ឲ្យ​យោបល់ព្រម ឬពុំ​បាន​ឲ្យ​យោបល់​សោះ​​ក្នុងរយៈពេល ដែលមានកំណត់ទុកហើយនោះទេ ​ច្បាប់​ដែលរដ្ឋសភា​បានអនុម័ត​យល់ព្រម​ហើយ​នោះ នឹង​ត្រូវបានយកទៅប្រកាសឲ្យប្រើ។

ដោយឡែក ព្រឹទ្ធសភាមានអំណាចចំពោះការផ្តួចផ្តើមធ្វើច្បាប់ និងអនុម័ត ប៉ុន្តែមិនមានអំណាចសម្រេច​ជាចុ​ង​ក្រោយថា តើច្បាប់ទាំងនោះចូលជាធរមាន ឬអត់នោះទេ។ មានតែរដ្ឋសភាមួយគត់ ដែលមានអំណាច​នោះ។ មាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្តល់អំណាចនេះ ឲ្យទៅព្រឹទ្ធសភា ដោយចែងថា «សមាជិកព្រឹទ្ធសភា សមាជិក​រដ្ឋ​សភា និងនាយករដ្ឋមន្រ្តី មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់»។

ចំពោះការកែសម្រួល ឬបដិសេធច្បាប់ព្រឹទ្ធសភាមានសិទ្ធិសុំឲ្យកែសម្រួល ឬបដិសេធ អត្ថបទច្បាប់នោះ ក្នុង​ករណីនេះ រដ្ឋសភា ត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណា ដែលព្រឹទ្ធសភាសុំឲ្យកែសម្រួលដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។

ទាក់ទងទៅនឹងមុខងារជាតំណាង គឺព្រឹទ្ធសភាតំណាងឲ្យភូមិភាគ និងសមូហភាពដែនដី ពោលគឺ ក្រុម​ប្រឹក្សា​ឃុំ‑សង្កាត់ មាត្រា៩ និង មាត្រា១១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បាន​បង្ហាញ​ច្បាស់​អំពី​អត្តសញ្ញាណរបស់សមាជិកព្រឹទ្ធសភា។ ក្នុងតួនាទីជាអ្នកតំណាងឲ្យ​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែល​ជាស្ពាន​ត​ភ្ជាប់​​នូវកិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និងរាជរដ្ឋាភិបាល ព្រឹទ្ធសភា ចាំបាច់ត្រូវតែផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ទៅលើផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និងភូមិភាគ។

បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី២២ ខែ មករា ឆ្នាំ២០០៦ មកព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈការពង្រឹងដំណើរការពិនិត្យ តាមដាន​ការ​អនុវត្តន៍គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៥លាននាក់ ត្រូវតំណាងឲ្យឃុំ-សង្កាត់ចំនួន ១៦២១ ក្នុង​នោះ​មានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបាន​ប្រជាជន​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភា គឺជាចំណុចប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និង​ភាព​ជំរុញដោយហេតុផល។

ក្រៅពីនេះ ព្រឹទ្ធសភាកម្ពុជា ក៏ជាតំណាងស្ថាប័នជាតិផងដែរ។ សមាជិក ០២រូប តែងតាំងដោយព្រះមហាក្សត្រ និង ០២រូបទៀត តែងតាំងដោយរដ្ឋសភា។ ព្រឹទ្ធសភា ក៏តំណាងឲ្យព្រះមហាក្សត្រ និង​រដ្ឋសភា ហើយ​ក៏​ជា​អ្នក​សម្រប​សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល មាត្រា ១១២បញ្ជាក់ថា «ព្រឹទ្ធសភាមានភារកិច្ចសម្រប​ សម្រួល​ការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល»។

បន្ថែមពីនេះ ព្រឹទ្ធសភា ក៏តំណាងប្រជាជាតិទាំងមូលដែរ។ តំណាង​ប្រជាជាតិទាំងមូល​ដោយសមាជិក​ព្រឹទ្ធ​សភា​ភាគ​ច្រើន​ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាអសកលមិនចំពោះ និងតាម​វិធីជ្រើសរើស​បោះ​ឆ្នោត​ជា​សម្ងាត់ តំណាងឲ្យក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលប្រមូលផ្តុំនៅក្នុងភូ​មិភាគទាំង៨។ ព្រឹទ្ធសភា មានកាតព្វកិច្ច ចូល​រួម​ចំណែកយ៉ាងខ្ជាប់ខ្ជួនក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃព្រមទាំងជួយផ្តល់អនុសាសន៍ ដើម្បី​តម្រង់​ទិស លើការអនុវត្តន៍​​ជាក់ស្តែងឲ្យបានប្រកបដោយលទ្ធផលផ្លែផ្កាពិតប្រាកដ ដល់ឃុំ-សង្កាត់​ទូទាំង​ប្រទេស និង​ភូមិ​ភាគ។ ប្រការនេះមានការពាក់ព័ន្ធដល់ការដ្ឋានដ៏ធំ ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុង​ការ​កែ​ទម្រង់​ការ​គ្រប់គ្រងរដ្ឋបាលសាធារណៈ និងការបង្ខិត​ ប្រជាធិបតេយ្យឲ្យទៅដល់ថ្នាក់មូលដ្ឋានជិត ប្រជាជន នោះ​គឺ​ជា​កា​​រអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង​ការកាត់​បន្ថយ​ភាព​ក្រីក របស់ប្រជាពលរដ្ឋ។

ភាពជាតំណាងបែបនេះ មានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោតតាមការ​ជ្រើស​តាំង​ដោយ​​អ្នកជាប់ឆ្នោតទទួលបន្ទុកគ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាង​រាស្រ្តក្នុងតំណែង។ ក្នុង​ភាព​ជា​អ្នកតំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ នាំឲ្យព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួន​ក្នុងលក្ខណៈ​ពិសេស​មួយ​ដោយ​​ត្រូវផ្សាភ្ជាប់ការងាររបស់ខ្លួនទៅនឹងកិច្ចការពារ និងជំរុញផលប្រយោជន៍របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ រួមទាំងភូមិភាគទាំង ៨ទៀតផង។ ការជំរុញផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ទូទាំង​ប្រទេស​នេះ គឺជាការជំរុញផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស៕

 

បញ្ចេញយោបល់