“ទិដ្ឋភាពនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន បង្ហាញអំពីតម្លៃពីរផ្សេងគ្នារវាងបទពិសោធន៍ខាងញុះញុង និងបទពិសោធន៍ទប់ទល់ភាពចលាចល”

ថ្ងៃចន្ទ ទី ១៤ វិច្ឆិកា ២០១៦​
148

ទស្សនវិភាគនយោបាយមួយបានបង្ហោះផ្សាយនៅលើគណនីហ្វេសប៊ុក ” សម្លេងយើង” ដែលមានខ្លឹមសារដូចតទៅ៖

សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាកត្តាចំបងនៃសេចក្តីត្រូវការរបស់ប្រជាជាតិដែលតម្រូវឲ្យអំណាចរដ្ឋមានកាតព្វកិច្ចការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ មិនថាប្រទេសប្រកាន់របបនយោបាយបែបណានោះទេ សូម្បីតែប្រជាជាតិនៃប្រទេស “បិតាប្រជាធិបតេយ្យ” ក៏ដោយ។
ប៉ុន្តែបញ្ហា ស្ថិតនៅត្រង់ថា បើចង់បានសង្គមជាតិខ្លួន មានសុខសន្តិភាព គ្មានភាពវឹកវរចលាចល ចុះហេតុអ្វីបានជាមិនចង់ឲ្យប្រជាជាតិប្រទេសដទៃ គេបានសុខ ជាមួយនឹងនីត្យានុកូលភាពរបស់រដ្ឋាភិបាលក្នុងកាតព្វកិច្ចរៀបចំឲ្យមានសណ្តាប់ធ្នាប់សង្គម។
ខ្លឹមសារពិតនៃ “សេរីភាព” “ប្រជាធិបតេយ្យ” “សិទ្ធិមនុស្ស” ត្រូវបានបាត់បង់តម្លៃជាអន្តរជាតិ ដោយសារតែពាក្យទាំងនេះ ត្រូវបានក្លាយជាឧបករណ៍នយោបាយផ្តាច់មុខ និងដ៏ពេញនិយមរបស់ប្រទេសខ្លះ ដើម្បីដើរប្រដៅគេ និងលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ក្រុមប្រទេសទាំងនេះ បានចាក់ធារលុយ “ដុល្លារ” បង្កើតអង្គការជាតិ និងអន្តរជាតិ បំពេញបេសកកម្មជាភ្នាក់ងាររបស់ខ្លួនដើម្បីទ្រទ្រង់ “ឧបករណ៍បំភ័ន្ត” នេះ។ ជាច្រើនទសវត្សរិ៍មកហើយ ក្រុមប្រទេសទាំងនោះ មានបទពិសោធន៍ខាងញុះញុង ក្រុមនយោបាយក្នុងប្រទេសដទៃ ធ្វើចលនាគ្រប់បែបយ៉ាងដើម្បី “ការផ្លាស់ប្តូរ” តាមទំនោររបស់ចៅហ្វាយបរទេស រហូតដល់គាំទ្រឲ្យមាន “ចលនាឩទ្ទាមនិយម” ប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ទៀតផង ឧទា. ដូចនៅកម្ពុជា ក្រោយបោះឆ្នោត២០១៣, នៅប្រទេសស៊ីរី បច្ចុប្បន្ន។ល។
ឥឡុវនេះ លោក ដូណាល់ ត្រាំ ដែលជាអ្នកនយោបាយជាន់ខ្ពស់ដំបូងបង្អស់ បានទិចតៀនប្រព័ន្ធប្រជាធិបតេយ្យជាង២០០ឆ្នាំនៅសហរដ្ឋអាមេរិក បែរជាឈ្នះឆ្នោតជាប្រធានាធិបតី។ ទិដ្ឋភាពនេះ ធ្វើឲ្យឥស្សជនជាន់ខ្ពស់កប់ពពកដែលព្រួតគ្នាវាយប្រហារម៉ាក់ងាយបុគ្គលគាត់ មានជាអាទិ៍ ពីសំណាក់ប្រធានាធិបតីក្នុងតំណែង និងអតីតប្រធានាធិបតីទាំងខាងគណបក្សប្រជាធិបតេយ្យ ទាំងខាងគណបក្សសាធារណរដ្ឋ។ ហ្នឹងឬ free and fair election?
ទន្ទឹមហ្នឹងនេះ ការតវ៉ាប្រឆាំងនឹងជ័យជំនះលោក ដូណាល់ ត្រាំ ក៏កើតមានយ៉ាងហឹង្សា។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះគឺ ការបង្ក្រាបរបស់អាជ្ញាធរយ៉ាងសាហាវមកលើហ្វូងបាតុករ។ សំណួរសួរថា តើចៅហ្វាយបរទេសរបស់គណបក្សសង្គ្រោះជាតិ និងអង្គការសិទ្ធិមនុស្សនិន្នាការប្រឆាំង ត្រូវប្រាប់កូនចៅរបស់ខ្លួនឲ្យឆ្លើយការពារភាពស្របច្បាប់នៃការអំណាចបង្ក្រាបនេះ យ៉ាងម៉េចដែរ? ដើម្បីចៀសវាងពាក្យសម្តីចោទប្រកាន់ការបង្ក្រាបកុប្បកម្មនៅក្បាលថ្នល់, ផ្លូវវ៉េងស្រេង, ទីលានប្រជាធិបតេយ្យ … ថា ប្រើកម្លាំង “មិនសមាមាត្រ” បើទោះបីកម្ពុជា មានបទពិសោធន៍ទប់ទល់ភាពចលាចលក៏ដោយ។
“សម្លេង យើង” តាមដានយ៉ាងយកចិត្តទុកដាក់បន្តទៀត ទាំងព្រឹត្តការណ៍នៅសហរដ្ឋអាមេរិក ទាំងទស្សនៈរបស់គណបក្សសង្គ្រោះជាតិ រួមទាំងក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកវិភាគឯករាជ្យនិន្នាការប្រឆាំង៕

ចែករំលែក

បញ្ចេញយោបល់