លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបទៅអ្នកដែលបានចោទលោកថា ទៅកៀកចិនពេក

ថ្ងៃសុក្រ ទី ៩ កុម្ភៈ ២០១៨​
37

ឆ្លើយតបទៅនឹងការលើកឡើងថា កម្ពុជាទៅជិតចិនពេកនោះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សួរបញ្ជាក់ត្រឡប់ទៅវិញថា អ្នកដែលចោទលោកថាទៅជិតចិនពេកនោះ តើអ្នកបានផ្តល់អ្វីមកឱ្យកម្ពុជាក្រៅតែ​ពីជេរ ប្រដៅ និងគម្រាមដាក់ទណ្ឌកម្មមកលើកម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបើកការដ្ឋាន​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាក៏មានមួយផ្នែកត្រូវពឹងផ្អែកលើសាធារណរដ្ឋប្រជាមានិតចិន។ យើងចង់ឱ្យមិត្តចិនមានការរីកចម្រើនខ្ពស់ បើចិនមាន មិនត្រឹមតែជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋចិនជាង១៣០០លាននាក់នោះទេថែមទាំងជួយរួមចំណែកទៅដល់ការអភិវឌ្ឍន៍ប្រទេសដទៃទៀតផង ដែលនេះ គឺជាចំណុចដែលយើងត្រូវរៀបចំភូមិសាស្រ្ត និងគោលនយោបាយមួយឱ្យបានត្រឹមត្រូវសម្រាប់ទំនាក់ទំនងនៅក្រៅប្រទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសមិនត្រឹមតែកម្ពុជាមួយទេ អាស៊ានទាំងមូល និងប្រទេសដទៃទៀត រាប់ទាំងប្រទេសវេណេហ្សុយអេឡាដែលនៅក្បែរអាមេរិកនោះក៏ត្រូវមកខ្ចីលុយប្រទេសចិនដើម្បីធ្វើការអភិវឌ្ឍន៍ដែរ។ លោកបន្ថែមថា បើចិនរីកចម្រើន ចិនអាចរួចចំណែកជួយដល់ប្រទេសដទៃ ប្រទេសដទៃដែលធ្លាប់ចោទថា លោកបានដឹកនាំប្រទេសទៅកៀកចិនពេក តើអ្នកទាំងនោះបានឱ្យអ្វីមកកម្ពុជាក្រៅតែពីធ្វើបាបកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ចិនធ្វើការជាមួយកម្ពុជាដោយស្មើភាព ប៉ុន្តែប្រទេសខ្លះត្រឹមតែជាអគ្គរដ្ឋទូតសោះ មកជេរប្រដៅកម្ពុជាដូចប្រដៅកូនក្មេងហើយឱ្យលោកទ្រាំម្តេចបាន? ប៉ុន្តែចិនវិញមិនត្រឹមតែអគ្គរដ្ឋទូតទេ ប្រធានាធិបតីរបស់គេ នាយករដ្ឋមន្រ្តីរបស់គេ តាំងពីមុនរហូតមកដល់ឥឡូវគោរពលោកណាស់។ លោកបានបន្ថែមថា គេត្រូវការសហការគ្នាដោយស្មើភាពអត់មានអ្នកធំ អត់មានអ្នកតូច អត់មានប្រទេសធំ អត់មានប្រទេសតូច អត់មានអ្នកក្រ អត់មានអ្នកមាន គឺស្មើភាពគ្នា និយាយគ្នាដោយសេចក្តីគោរព៕

ចែករំលែក

បញ្ចេញយោបល់