ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវទំនុកចិត្តកាន់តែខ្ពស់ពីធុរកិច្ចជន និងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។ ការរក្សាបាននូវសុខសន្តិភាពនិងស្ថេរភាពនយោបាយនេះ គឺពិតជាកត្តាចំបងក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងប្រាកដ។ សុខសន្តិភាពនិងការអភិវឌ្ឍ មិនត្រឹមតែជួយលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរកាន់តែច្រើនឲ្យចូលមកកម្សាន្ត និងប្រកបធុរកិច្ចនៅកម្ពុជាដើម្បីបង្កើតការងារពហុវិស័យ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនថែមទៀត។
រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិកាន់តែលេចធ្លោរលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ដោយរក្សាកំណើនបានក្នុងរង្វង់៧% ជាប្រចាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ គឺនៅតែមានសញ្ញាវិជ្ជមានល្អគួរឲ្យកត់សម្គាល់ដដែល។ សញ្ញាល្អដោយសារតែលំហូរទុនវិនិយោគមកពីបរទេសមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា នៅតែមានកំណើនល្អប្រសើរជាមួយនឹងទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ផ្លូវការមួយដែលទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ ការវិនិយោគផ្ទាល់ពីបរទេស មានទំហំទឹកប្រាក់ចំនួនប្រមាណជាង ៥.២ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជាង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលការវិនិយោគផ្ទាល់ពីបរទេសនេះមានទឹកប្រាក់ចំនួនតែជាង ៣.៦ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ មានប្រទេសជាច្រើនដែលចូលមកវិនិយោគនៅកម្ពុជា ដោយសារតែចំណុចយុទ្ធសាស្ត្រ៦យ៉ាង ដែលកម្ពុជាមាន និងដែលអំណោយផលសម្រាប់អ្នករកស៊ីមកពីក្រៅប្រទេស។ ចំណុចអំណោយផលទាំង៦ នោះរួមមានដូចជា៖ ទី១ កន្លែងផ្ដល់សេវាដល់អ្នកវិនិយោគ ឬហៅថា (ច្រកចេញចូលតែមួយ) ដែលមានស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាអ្នកទទួលខុសត្រូវខាងទំនាក់ទំនងវិនិយោគពីក្រៅប្រទេស។ ទី២ សិទ្ធិពិសេសរបស់អាស៊ាន និងប្រទេសដៃគូ ដែលរឿងនេះវាជាកត្តាទាក់ទាញចម្បងមួយដែលកម្ពុជាបើកចំហ។ កត្តាទាក់ទាញមួយទៀតគឺកម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ាន មានគោលនយោបាយលើកលែងពន្ធគយ ដែលជាប្រការមួយផ្តល់ផលចំណេញគួរសមសម្រាប់សហគ្រិន។ ម្យ៉ាងទៀត ពាណិជ្ជករក៏អាចជួលបុគ្គលិកពីប្រទេសខ្លួន ឬអ្នកជំនាញបរទេសដទៃទៀតក្នុងអាស៊ានឲ្យធ្វើការនៅកម្ពុជាដែរ បើសិនជារកអ្នកជំនាញក្នុងស្រុកខ្មែរមិនបាន ដោយផ្អែកលើច្បាប់លំហូរពលកម្មសេរីក្នុងតំបន់អាស៊ាន។ ទី៣ ស្ថិរភាពផ្នែកនយោបាយ ព្រោះរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងស្ថានភាពសង្គមគួរឲ្យទុកចិត្ត។ ទី៤ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាមធ្យម ៧ភាគរយជារៀងរាល់ឆ្នាំ។ ការកើនឡើងនៃប្រាក់ចំណូលនេះជាចំណុចដែលបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពទិញទំនិញខ្លាំងជាងមុន មានលុយចាយច្រើនជាងមុន ហើយវិនិយោគគិនក៏អាចយកឱកាសនេះកើបលុយពីស្រុកខ្មែរបានដែរ។ ទី៥ ច្បាប់អំណោយផលដល់ការវិនិយោគ ដូចជាច្បាប់ប្រឆាំងអំពើពុករលួយ មានសភាពាណិជ្ជកម្មជួយសម្រួលដល់ការរកស៊ី ហើយក៏អំណោយផលដល់អ្នកមានលទ្ធភាពរកស៊ីដែរ។ ទី៦ ប្រព័ន្ធអនុគ្រោះពន្ធ មានភាពប្រសើរ និងជាការទាក់ទាញសម្រាប់វិនិយោគិន ។
ប្រការទាំងនេះហើយ ដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះ និងមានកំណើនថេរជាប់ៗគ្នា ក្នុងនោះប្រទេសចិននៅតែជាប់ចំណាត់ថ្នាក់ទី១ ដែលបានបោះទុនវិនិយោគក្នុងទឹកប្រាក់ជាង១.៤៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។ ដោយសារតែវិនិយោគិនចិន បានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមាននិរន្តរភាពដោយគ្មានការបារម្ភបែបនេះហើយ ទើបមានការរិះគន់ពីក្រុមប្រឆាំងអគតិថាប្រទេសចិន កំពុងបញ្ជូនប្រជាជនចិនមកកម្ពុជា ដើម្បីបង្កអស្ថេរភាពទៅវិញ។ នៅពេលដែលរាជរដ្ឋាភិបាលដឹកនាំគ្មានការអភិវឌ្ឍ គេរិះគន់ថាដឹកនាំប្រទេសមិនកើត ប៉ុន្តែពេលដែលរាជរដ្ឋាភិបាលអូសទាញវិនិយោគិនបានច្រើនមកវិនិយោគ ក្រុមប្រឆាំងបែរជារិះគន់ថា មានការព្រួយបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពវិញម្តង។ តើជាការរិៈគន់ដើម្បីស្ថាបនា ឬជាការរិៈគន់ដើម្បីអុជអាល បញ្ឆេះកំហឹងរើសអើងជាតិសាសន៍?
កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យពេញលេញ ប្រកបដោយនីតិរដ្ឋ។ ការវិនិយោគ និងប្រកបរបររកស៊ីរបស់ជនបរទេសទាំងអស់ គឺស្ថិតក្រោមច្បាប់របស់កម្ពុជា ដូច្នេះមិនអាចចោទប្រកាន់ថាការវិនិយោគដោយគំហុករបស់វិនិយោគិនចិននាពេលបច្ចុប្បន្ន ជារឿងដែលគួរឱ្យព្រួយបារម្ភនោះទេ។ តាមពិតការចោទប្រកាន់នេះ គឺជាការច្រណែនឈ្នានីសរបស់ក្រុមប្រឆាំង និងពួកបច្ចឹមប្រទេសមួយចំនួនដែលតែងតែព្យាយាមដាក់គំនាបសេដ្ឋកិច្ចមកលើរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា នៅពេលដែលពួកគេ បានមើលឃើញទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន កាន់តែមានភាពល្អប្រសើរជាលំដាប់បែបនេះ។ នៅពេលដែលប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនគួរឱ្យកត់សម្គាល់ បែរជាក្រុមប្រឆាំង និងក្រុមបរទេសលោកខាងលិចមួយចំនួនច្រណែន និងបានលើកពីការជះឥទ្ធិពលមិនល្អ និងមនោគមវិជ្ជាកុំម្មុយនីសរបស់ចិនមកលើកម្ពុជាទៅវិញ។
ដើម្បីលុបលាងនូវភាពបរាជ័យ ក្នុងការប្រើឥទ្ធិពលបង្គាប់បញ្ជារបស់ខ្លួនដោយគ្មានប្រសិទ្ធភាព ពួកបច្ចឹមប្រទេសទាំងនោះ មិនញញើតក្នុងការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងងងើលឡើយ។ ជាថ្នូរនិងការផ្តល់ជំនួយរបស់ពួកគេមកកម្ពុជាលែងមានប្រសិទ្ធភាព ក្រុមប្រឆាំង និងក្រុមបច្ចឹមប្រទេសមួយចំនួននោះ បានព្យាយាមញុះញង់ប្រជាជនកម្ពុជាឱ្យមានការរើសអើងជាតិសាសន៍វិញម្តង បើសូម្បីតែតែជនបរទេសដែលចូលមកកម្ពជា ជាវិនិយោគិនស្របច្បាប់ក៏ដោយ។ តាមពិតការហូរចូលនៃវិនិយោគិនចិនមកប្រទេសកម្ពុជា គឺជារឿងល្អទៅវិញទេ ដោយហេតុថាបានផ្តល់នូវការអភិវឌ្ឍជាតិ និងការបង្កើនការងារធ្វើដល់ប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនមានចំណូលកើនឡើង ដើម្បីកាត់បន្ថយនូវភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។
ជារួម វាមិនមែនជារឿងចម្លែក និងគួរឱ្យបារម្ភនោះទេ នៅពេលដែលប្រទេសមានការអភិវឌ្ឍនិងរក្សាបាននូវកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ន។ យើងជាប្រជាជនកម្ពុជា ត្រូវមានមោទនភាពចំពោះសមិទ្ធផលដែលយើងកំពុងទទួលបានដូចជាការកើនឡើងនូវរោងចក្រ សហគ្រាស ផ្ទះសំណាក់ និងសណ្ឋាគារធំៗ ខ្ពស់ៗ ដែលផ្តល់លទ្ធភាពដល់កូនចៅយើងអាចស្វែងរកការងារបានកាន់តែល្អប្រសើរ និងទទួលបានប្រាក់បៀរវត្សកាន់តែខ្ពស់ ធ្វើឱ្យជីវភាពយើងកាន់តែធូរធារ។ ដោយសារប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាមស៊ីវិល គ្មានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរនេះហើយ ទើបមានវិនិយោគិនជាច្រើនចូលមកបណ្តាក់ទុន និងភ្ញៀវទេសចរចូលមកទស្សនាកាន់តែច្រើនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងផ្តល់ការងារដល់យើងគ្រប់គ្នា។ មានតែក្រុមប្រឆាំងដោយងងឹតងងល់ទេ ដែលតែងតែរិៈគន់ និងមិនដែលផ្តល់នូវសច្ចៈធម៌នៃការអភិវឌ្ឍជាតិ ដូចពាក្យចាស់ពោលថា ធ្វើក៏ខុស មិនធ្វើក៏ខុស ឬអាចនិយាយថា «អភិវឌ្ឍក៏ខុស មិនអភិវឌ្ឍក៏ខុស» ៕
ដោយ សួន ចំរើន