នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវជាថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនពរ និងអបអរសាទរនៅលើទំព័រហ្វេសប៊ុករបស់សម្តេច ដោយបានលើកឡើង ពីរាជធានីភ្នំពេញកាលពី៤១ឆ្នាំមុន គឺជាទីវាលរហោស្ថានគ្មានមនុស្សរស់នៅ ដែលឥឡូវនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ក្រោមម្លប់សន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកថា៖ ៤១ ឆ្នាំមុន ទីនេះគឺជាសមរភូមិសង្រ្គាម និងជាទីវាលរហោស្ថានដែលគ្មានមនុស្សរស់នៅ។ កុំថាឡើយមានពិធីបុណ្យអុំទូក សូម្បីតែគិតដល់ឈ្មោះពិធីបុណ្យវប្បធម៌ប្រពៃណីជាតិ ក៏គ្មាននរណាម្នាក់ហ៊ានគិតដល់ផង ព្រោះប្រជាពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់នៅក្រោមរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ។ ថ្ងៃនេះ នៅទីនេះ គឺយើងទាំងអស់គ្នាកំពុងអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្រោមម្លប់សន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសពួតដៃរួមគ្នាថែរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នាមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀតផងដែរ៕