ម៉ាឡេស៊ី​ពិចារណា​លើច្បាប់ថ្មី​ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងព័ត៌មាន​ក្លែងក្លាយ​

ថ្ងៃអង្គារ ទី ៣០ មករា ២០១៨​
58

​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ប្រ​យុទ្ធ​ដើម្បី​ដណ្តើម​អំណាច​ឱ្យ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ​ ចំពេល​ដែល​មាន​ក្តី​​កង្វល់​លើសន្តិ​សុខ​ជាតិ។

រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី​កំពុង​តែ​សម្លឹង​មើលទៅ​លើ​​ច្បាប់​មួយ​ចំនួនដើម្បី​ដោះ​ស្រាយ​ជា​មួយ​នឹង​បញ្ហា​ព័ត៌​មាន​ក្លែង​ក្លាយ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ខណៈដែល​មាន​ក្តី​កង្វល់​ថា វា​អាច​បង្ក​ឱ្យ​មានការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ។

រដ្ឋ​មន្រ្តី​សារ​គមនា​គមន៍ និង​ព័ត៌​មាន​ចម្រុះ លោក Salleh Said Keruak បាននិយាយ​ថា ច្បាប់​បច្ចុ​ប្បន្ន​មួយ​ចំនួន​ ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បីដោះ​ស្រាយ​ជា​មួយ​នឹង​បញ្ហា​ដែល​កំពុង​តែ​កើន​​ឡើង​ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ព័ត៌​មាន​ក្លែង​ក្លាយបាន​ទេ ដែល​ឥឡូវ​​នេះវា​ក្លាយ​ជា​បញ្ហា​សកល។

គាត់​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារ​ព័ត៌​មាន​ The Star ដែល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា «​ព័ត៌​មាន​ក្លែង​ក្លាយ​មិន​មែន​គ្រាន់​តែ​ជា​របៀប​នៃ​ការ​ធ្វើឃាត ក៏​ប៉ុន្តែ​ត្រូវ​បាន​មើល​ឃើញ​ដោយ​ប្រ​ទេស​មួយ​ចំនួន​ថា ជា​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ។ ដូច្នេះ យើង​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​ការ​អនុ​ម័ត​ច្បាប់​ឱ្យ​បាន​ជាក់​លាក់​ និង​ប្រ​កាន់​យក​ម៉ូ​ដែល​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រ​ទេស​ដទៃទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ជា​ពិ​សេស​ព័ត៌​មាន​ក្លែង​ក្លាយ​ដែល​អាច​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខ​របស់​យើង»។

ខណៈ​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​សារ​គមនា​គមន៍ និង​ច្បាប់​ព័ត៌​មាន​ចម្រុះអាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បង្រ្កាបលើ​ព័ត៌​មាន​ក្លែង​ក្លាយនោះ​​ ​លោក Salleh បាន​និយាយ​ថា វិ​ធាន​ការ​ថ្មី​នេះ​ក៏​​ចាំ​បាច់​ផង​ដែរ​​ ដោយ​​បានលើក​ឡើង​ពី​ទង្វើ​​របស់​ចក្រអង់​គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​ការ​បង្កើត​អង្គ​ភាព​ទំនាក់​ទំនង​សន្តិ​សុខ​ជាតិ​ថ្មី​ជា​គំរូ​មួយ​។

កាល​ពី​ឆ្នាំ​មុន គណៈ​កម្មការ​ព័ត៌​មាន​ចម្រុះ និង​សារ​គមនាគមន៍​ម៉ា​ឡេ​ស៊ី (Malaysian Communications and Multimedia Commission, MCMC) បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១.២០៣ ស្តី​ពី​ខ្លឹម​សារ​អត្ថ​បទ​ក្លែង​ក្លាយ​ ព័ត៌​មាន​ច្នៃ​ប្រ​ឌិត​របស់​បុ​គ្គល​ម្នាក់​ដើម្បី​ជាការ​សប្បាយ​ដែល​ចុះ​ផ្សាយ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និងព័ត៌​មាន​ក្លែង​ក្លាយ។ ការ​ឈាន​ទៅ​ចាប់​យក​គេ​ហ​ទំព័រ​ជាង​១.៨០០ ការ​ច្រក​ចូល​តាម blog ត្រូវ​បាន​គេ​រឹត​ត្បិត ខណៈ​ដែល​ព័ត៌​មាន​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​តែ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​អត្ថ​បទ​ក្លែង​ក្លាយ ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ និង​មិន​ស្រុះ​ស្រួល​គ្នា​នៅ​ក្នុង​សង្គម​ផង​ដែរ។

លោក Salleh បាន​និយាយ​ថា សាធារណជន​អាច​ពិ​និត្យ​មើលនូវ​​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌​មាន​សង្គមលើ​គេ​ហទំព័រ sebenarnya.my ដែល​ជា​គេ​ហទំព័រមួ​យ​​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បីកម្ចាត់​​ព័ត៌​មាន​ក្លែង​ក្លាយ។

គាត់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា បណ្តាញ​សន្តិ​សុខ MCMC និង​ស្ថាប័ន​អនុ​វត្តន៍​ច្បាប់​នឹង​ត្រូវ​បាន​គេ​ពង្រឹង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ព័ត៌​មាន​ក្លែង​ក្លាយ​កើន​ឡើង​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ៕

ប្រភព: The Star/Asia News Network ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨

 

 

 

ចែករំលែក

បញ្ចេញយោបល់