នៅឆ្នាំនេះខេត្តកំពង់ធំ មានទូកង ចំនួន១៦ មកចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺនៅមុនព្រះរាជពិធីបុណ្យចាប់ផ្តើមជាផ្លូវការ ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់់ធំ បានជួបសំណេះសំណាល ជាមួយគណៈកម្មការគ្រប់គ្រងទូកង មកពីខេត្តកំពង់ធំ និងកីឡាករចំណុះទូកង ទំាងអស់។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវ ដល់កីឡាករចំណុះទំាងអស់ថែរក្សាសុខភាពឲ្យបានល្អ ចេះជួយគ្នាទៅវិញទៅមក ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំឲ្យមានអំពើហិង្សានានា។
ឯកឧត្តមបណ្ឌិត បានសំណូមពរដល់កីឡាករទំាងអស់ ត្រូវមានសាមគ្គីភាពល្អជាមួយគ្នា។ សាមគ្គីភាពជាមួយកីឡាករចំណុះទូកនីមួយៗ សាមគ្គីភាពជាមួយកីឡាករ មកពីខេត្តជាមួយគ្នា និងជាពិសេសមានសាមគ្គីភាព ជាមួយ កីឡាករទំាងអស់ដែលមកចូលរួមក្នុងព្រះរាជពិធីបុណ្យបីថ្ងៃនេះ ដើម្បីថែរក្សាប្រពៃណីជាតិ គឺព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដំណើរការទៅល្អ ទទួលបានភាពជោគជ័យ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋទំាងអស់។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែមានរយៈបីគឺ ថ្ងៃទី១៣ ១៤ និង១៥ ខែវិច្ឆិកានេះ និងដែលមានការប៉ាន់ស្មានថា នឹងមានប្រជាពលរដ្ឋជាង២លាន នាក់ចូលរួមសប្បាយរីករាយ ជាមួយព្រះរាជពិធីបុណ្យប្រចំាឆ្នាំនេះ។ គណៈកម្មការគ្រប់គ្រងទូកង ខេត្តកំពង់ធំបានឲ្យដឹងថាកីឡាករចំណុះទូកង ទំាង១៦របស់ខេត្តនេះ មានចំនួន២ ២៤២នាក់ និងកម្លាំងត្រៀមចំនួន ២២២នាក់ទៀត។ ឯកឧត្ដមបណ្ឌិត ងួន ញិល បាននាំយកអំណោយ ជាថវិកាចំនួន៤ពាន់ដុល្លារ អង្ករ៤ពាន់គីឡូក្រាម មី៨០កេស និងទឹកសុទ្ធ៣០០យួរ និងទឹកស៊ីអ៊ីវ ៨០យួរ ជូនដល់គណៈកម្មការគ្រប់គ្រងទូកង ខេត្តកំពង់ធំ ដើម្បីធ្វើការបែងចែកជូនដល់ ទូកង នីមួយៗ សម្រាប់ផ្គត់ផ្គង់ការហូបចុក និងការស្នាក់នៅរបស់កីឡាករ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២រដ្ឋសភា ក៏បានសន្យាថា នឹងផ្តល់ប្រាក់ឧបត្ថម្ភ ចំពោះទូកង ខេត្តកំពង់ធំទំាងអស់ ប្រសិនជាទទួលជ័យលាភីក្នុងការប្រណាំងបីថ្ងៃបីនេះ ចូលក្នុងផែនលេខ១ ឯកឧត្តម នឹងឧបត្ថម្ភថវិកាចំនួន១៥លានរៀល ផែនលេខ២ ថវិកា១០រៀល និងផែនលេខ៣ ថវិកា៨លានរៀល ផងដែរ៕