មេដឹកនាំអាស៊ាន-ឥណ្ឌា អញ្ជើញទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋ របស់សាធារណរដ្ឋឥណ្ឌា

ថ្ងៃសុក្រ ទី ២៦ មករា ២០១៨​
90

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញការងារ នៅសាធារណរដ្ឋឥណ្ឌា បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងសាធារណ រដ្ឋឥណ្ឌា បានយាង និងអញ្ជើញជា​ព្រះអធិបតី និងអធិបតីក្នុងពិធីទស្សនាក្បូន ព្យុហយាត្រា នៃទិវាសាធារណរដ្ឋ របស់សាធារណរដ្ឋឥណ្ឌា។
ពិធីផ្លូវការដែលប្រារព្វធ្វើឡើង នៅចំកណ្តាលទីក្រុងញ៉ូវដែល្លី បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក៏ដូចជា ប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណៈបាន យាងនិងអញ្ជើញចូលរួមពិធីដ៏មានអត្ថន័យ ជាប្រវត្តិសាស្រ្ត របស់ប្រទេស និងប្រជាជនឥណ្ឌា ក្រោមអាកាសធាតុត្រជាក់៨អង្សាសេ និងផ្ទៃមេឃចុះអ័ព្ទ។ នៅក្នុងពិធីព្យុហយាត្រានោះ បណ្តាមេដឹកនាំអាស៊ាន និងឥណ្ឌា បានទតនិងតាមដានយ៉ាងយកចិត្ត ទុកដាក់ ពីការដង្ហែរក្បូនតាមបែបប្រពៃណីរបស់ឥណ្ឌា ការហែរ ក្បូនសេះ សត្វអូដ ការហែក្បូនយោធា និងយុទ្ធភណ្ឌយោធា រួមទាំងការហែរក្បូន ពីប្រពៃណីសាសនារបស់ប្រទេសឥណ្ឌាតាមបែបផែននីមួយៗ។

សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ ៣.២៨៧.២៦៣ គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះ​រដ្ឋសហភាព មានព្រំប្រទល់ជាប់ និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន ១.២៧០ លាននាក់ តួលេខក្នុងខែកក្កដា ឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។ ប្រជាជនកាន់សាសនា ហ៊ិនឌូមាន ៨០,៥០% ម៉ូស្លីម១៣,៤០% និងជំនឿផ្សេងៗជាង៦%។ ស្ថានភាពសេដ្ឋកិច្ច របស់ សាធារណរដ្ឋឥណ្ឌា។ កាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១.៧០៩,៦ ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧,៤% ឧស្សាហកម្ម មាន ២៨,៨% និងសេវាកម្មមាន ៤៦,២% ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មនៃការនាំចេញ របស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់លានដុល្លា ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦,១ពាន់លានដុល្លា។ នៅក្នុងពិធីដង្ហែ ក្បូននោះ ក៏មាន ការបង្ហាញនូវយុទ្ធចម្បាំងទាំងផ្នែកកងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដែលផលិត នៅសាធារណរដ្ឋឥណ្ឌា។

បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក៏ដូចជាប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ដែលបានយាងនិងញ្ជើញ ចូលរួមថត និងទស្សនាពិធីហែក្បូនព្យុហយាត្រានោះ សុទ្ធតែបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការអភិវឌ្ឍនូវសមត្ថភាពដ៏រស់រវើក និងប៉ិនប្រសព្វ ពីសំណាក់ ថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា ក្នុងការកសាងសេដ្ឋកិច្ចលំដាប់អន្តរជាតិ ពិសេសការកសាងនូវ អាវុធយុទ្ធភណ្ឌនានា ក្នុងវិស័យការពារជាតិ ក៏ដូចជាការកសាងសមត្ថភាពជំនាញនានា។

សូមបញ្ជាក់ដែរថា នៅក្នុងក្បូនព្យុហយាត្រានេះ បានចំណាយពេលប្រមាណ១ម៉ោង និង៣០នាទី ដោយបានបង្ហាញពីគ្រប់ផ្នែកទាំងអស់ ពិសេសការអភិវឌ្ឍបច្ចេកវិទ្យា និងគ្រឿងយុទ្ធភណ្ឌ នានារបស់ឥណ្ឌា៕




ចែករំលែក

បញ្ចេញយោបល់