ប្រវត្តិ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែ​តប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក

ថ្ងៃសៅរ៍ ទី ១២ វិច្ឆិកា ២០១៦​
677

យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរម បុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។

តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរ  នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយ កងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩. ០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចខាងក្រោមនេះ ៖

ទាហានជើងទឹក ចែកជា៣ក្រុម៖

-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។

-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ

-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាននៅក្នុងឱវាទស្និទ្ធិបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។

តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។

ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។

ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ យើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង រដូវទឹក ជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេស កម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។

ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មីខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប៕

 

2014-11-05_wftw2014_5005i

2014-11-06_water_festival-008

2014-11-06_water_festival-024 2014-11-06_water_festival-023 2014-11-06_water_festival-022 2014-11-06_water_festival-021 2014-11-06_water_festival-014 2014-11-05_wftw2014_1141f 2014-11-05_wftw2014_1141e

2014-11-06_water_festival-025

2014-11-05_wftw2014_5015d

2014-11-05_wftw2014_5015e

2014-11-05_wftw2014_5015j

2014-11-06_water_festival-024a

2014-11-05_wftw2014_5015k 2014-11-06_water_festival-026

2014-11-05_wftw2014_5015l

2014-11-05_wftw2014_5015m

2014-11-05_wftw2014_5015p

2014-11-05_wftw2014_5015n

2014-11-05_wftw2014_5015s 2014-11-05_wftw2014_5015q

ចែករំលែក

បញ្ចេញយោបល់