កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានគណៈពង្រឹងស្រុកល្វាឯម និងជាប្រធានគណៈពង្រឹងឃុំកោះកែវ បានធ្វើការណែនាំឱ្យសាខាបក្សភូមិ និងប្រធានគណៈកម្មាធិការបក្សឃុំ ធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទាំងសេវាតម្រូវការ និងសេវាគាំទ្រ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សប្រមាណ ៣០០ នាក់ នៅទីស្នាក់ការបក្សឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ពិធីសំណេះសំណាលនាឱកាសនោះ ក្នុងគោលបំណងដើម្បី ៖ ១-ជំរុញឱ្យសមាជិកបក្សទាំងអស់បានទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ២-ជំរុញឱ្យប្រធាន និងអនុប្រធានក្រុមបក្សទាំងអស់ គ្រប់គ្រងសមាជិកបក្សរបស់ខ្លួនឱ្យបានល្អ ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ ជាពិសេសសមាជិកបក្សដែលធ្វើចំណាកស្រុកនៅក្នុងប្រទេស និងក្រៅប្រទេស ៣-ណែនាំឱ្យសមាជិក-សមាជិកាបក្សទាំងអស់ សាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ស្រឡាញ់គណបក្ស និងចេះការពារបក្ស និងថ្នាក់ដឹកនាំគណបក្ស ដោយត្រូវធ្វើការវាយបក បកស្រាយបំភ្លឺឱ្យទាន់ពេលវេលា និង៤-ណែនាំឱ្យសាខាបក្សភូមិ និងប្រធានគណៈកម្មាធិការបក្សឃុំ ធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទាំងសេវាតម្រូវការ និងសេវាគាំទ្រ។
ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាននាំយកថវិកាមួយចំនួនទៅចូលរួមក្នុងពិធីបុណ្យកឋិននៅ វត្តកោះកែវលើផងដែរ ព្រមទាំងបានចែកជូនលោកយាយ លោកតា ចូលរួមក្នុងពិធីបុណ្យ និងចែកជូនសមាជិក-សមាជិកាបក្សដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ៕