នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងភរិយា និងប្រធានក្រុមប្រឹក្សា បានដឹកនាំរៀបចំពិធីក្រុងពាលីនៅទឹកដីប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនចំណុះទូក ប្រជាពលរដ្ឋ ក្រុមការងារទាំងអស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ។
ក្នុងឱកាសនោះដែរ លោកអភិបាល បានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមនូវកិច្ចការ ៤ចំណុច៖ ១-រក្សាអនាម័យ សំរាម ការបន្ទោរបង់ឱ្យមានរបៀបរៀបរយ តាមបង្គន់សាធារណៈដោយមិនមានការបង់ថ្លៃអ្វីទាំងអស់ ២-ពង្វាងចរាចរណ៍តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបញ្ចៀសបានការកកស្ទះចរាចរណ៍ ៣-ចូលរួមសហការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីថែរក្សាសុវត្ថិភាពបងប្អូនទាំងអស់គ្នា និង៤-ការងារផ្គត់ផ្គង់ដល់បងប្អូនចំណុះទូក ទាំងកន្លែងស្នាក់នៅ ភ្លើង ទឹក បង្គន់ ការងារសង្គ្រោះជាដើម៕