គណៈប្រតិភូឈីលីមកសិក្សាពីការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ថ្ងៃសុក្រ ទី ១១ វិច្ឆិកា ២០១៦​
86

 

កាលពីថ្ងៃទី ១០ ខែ វិច្ជិកា ឆ្នាំ ២០១៦ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឲ្យ លោក Javier Becker ឯកអគ្គរដ្ឋទូត និងលោក Diego OSSES ទីប្រឹក្សាពាណិជ្ជកម្មនៃសាធារណរដ្ឋឈីលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

លោក អ៊ុក ប្រជា បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតឈីលី អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសម្រេចបានក្នុងរង្វង់ ៧% សម្រាប់រយៈពេល ១ទសវត្សចុងក្រោយនេះ។ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីភាពប្រសើរនៃបរិយាកាស វិនិយោគ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។ លោកមានប្រសាសន៍ថា “ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានហៅកម្ពុជាថា ‘ខ្លាថ្មី’ នៅអាស៊ី ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគ”។ លោកបានបន្ថែមទៀតថា “ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការស្វ័យប្រវត្តិកម្មសំខាន់ៗដូចជា ការចុះបញ្ជីពាណិជ្ជកម្មការចុះពាណិជ្ជនាម និងការសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ ដើម្បីសម្រួលដល់ធុរជន និងវិនិយោគិន។”

លោក Javier Becker ក៏បានជម្រាបជូនពីសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្មរបស់សាធារណរដ្ឋឈីលីជាមួយដៃគូពាណិជ្ជកម្មដទៃទៀត។ លោក ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍រវាងឈីលី និងកម្ពុជា។ លើសពីនេះទៀត លោក បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងយល់ពីច្បាប់អនាម័យ និងភូតគាមអនាម័យកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ កម្ពុជាបាននាំចេញទៅកាន់ប្រទេសឈីលីមាន $២៤.៧២៤ លានដុល្លាអាមេរិក ភាគច្រើនជាទំនិញវាយនភ័ណ្ឌ គ្រឿងបង្គំអគ្គិសនី គ្រឿងយន្ត ហើយឈីលីនាំមកកម្ពុជាមាន $១.៣០៨ លានដុល្លាអាមេរិកភាគច្រើនគឺជាស្រា ផ្លែឈើ សាច់។ល។ ទន្ទឹមគ្នានេះ ទេចរណ៍ឈីលីចូលមកទស្សនាកម្ពុជាមានចំនួន ៤.៩៦៨ នាក់កាលពីឆ្នាំមុន៕

ch ch1 ch2 ch3

ចែករំលែក

បញ្ចេញយោបល់