នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំវគ្គតម្រង់ទិស ស្តីពី “យុវជនកម្ពុជាប្តេជ្ញា រួមចំណែកការពារមិនឱ្យឆ្លងអេដស៍” ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យអាស៊ី-អ៊ឺរ៉ុប ដោយមានការចូលរួមពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ សន ម៉ារ៉ាដា អគ្គនាយិការរងទូរទស្សន៍ជាតិកម្ពុជា មន្ត្រីពាក់ព័ន្ធ គ្រូ-និស្សិត សរុបចំនួន ៣៩នាក់។
វគ្គតម្រង់ទិសនេះធ្វើឡើង ដើម្បីចូលរួមអបអរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ និងជាផ្នែកមួយនៃការរៀបចំកិច្ចពិភាក្សាបញ្ចេញទស្សនៈយុវជន ស្តីពី “យុវជនកម្ពុជាប្តេជ្ញា រួមចំណែកការពារមិនឱ្យឆ្លងអេដស៍” ដែលនឹងប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
កិច្ចពិភាក្សាទស្សនៈយុវជននេះ រួមជាមួយការចុះផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ដល់និស្សិតសាកលវិទ្យាល័យចំនួន ៦ ក្នុងរាជធានីភ្នំពេញ រៀបចំដោយ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ វាគ្មិនចំនួន ៥នាក់ នៃសាកលវិទ្យាល័យនីមួយៗ នឹងឡើងបកស្រាយបញ្ចេញទស្សនៈរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាធ្លាក់ចុះដល់សូន្យ គ្មានការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្មានការស្លាប់ដោយសារអេដស៍៕