ប្រជាពលរដ្ឋចំនួន១០០គ្រួសារនៅខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមរាជធានីភ្នំពេញ

ថ្ងៃព្រហស្បតិ៍ ទី ១០ វិច្ឆិកា ២០១៦​
137

នាល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ នៅវត្តអរុណវត្តី ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារសាខា បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ក្នុងនោះមកពីសង្កាត់ត្រពាំងក្រសាំង៦០គ្រួសារ និងសង្កាត់ស្នោរ៤០គ្រួសារ នៃខណ្ឌពោធិ៍សែនជ័យ ។

នាឱកាសនោះ លោកស្រីអនុប្រធានកិត្តិយសសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

លោកស្រី ក៏សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឱ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឱ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឱ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឱ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោគ  សម្ភារៈប្រើប្រាស់ចំនួន១០មុខ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕

14956040_606277686241706_8197904225902462578_n 14956052_606277716241703_8990312909441199278_n 15027364_606277636241711_3414589651111573239_n 15032912_606277626241712_3791505804414004707_n 15037103_606277806241694_6792362839270084258_n 15056437_606277729575035_6675418116560027155_n

 

ចែករំលែក

បញ្ចេញយោបល់