អត្ថបទគួរឱ្យចង់អាន៖ ចង់វាយ លោក ហ៊ុន សែន បែរជាត្រូវចំក្បាល លោក ដូណាល់ត្រាំ

ថ្ងៃព្រហស្បតិ៍ ទី ១០ វិច្ឆិកា ២០១៦​
167

 

នៅមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបន្តិច លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចោទប្រកាន់ និងវាយប្រហារលើលោក ដូណាល់ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិកថា ជាជនផ្តាច់ការ។ បើលោក ដូណាល់ត្រាំ ជាជនផ្តាច់ការដូចការវាយប្រហារ របស់មេបក្សប្រឆាំងមែននោះ ចឹងឥឡូវវីវរធំហើយ ព្រោះអាមេរិកដែលជាប្រទេសបិតាប្រជាធិបតេយ្យ និងជាមហាអំណាច គឺមានមេដឹកនាំជាជនផ្តាច់ការ ! ។

ការវាយប្រហាររបស់លោក សម រង្ស៊ី ទៅលើលោក ដូណាល់ត្រាំ ថាជាជនផ្តាច់ការ គឺក្នុងចេតនាចង់សំដៅទៅលើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមេបក្សប្រឆាំងតែងតែចោទប្រកាន់ និងវាយប្រហារថា ជាជនផ្តាច់ការ កាន់អំណាចនិងចាត់ចែងការងារប្រទេសជាតិតែម្នាក់ឯង និងមិនព្រមចុះចេញពីតំណែង បើទោះបីជាលោក សម រង្ស៊ី ដឹងច្បាស់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តងក្តី។ ឥឡូវនេះជាអកុសលសំដីវាយប្រហារ ដ៏ល្ងង់ខ្លៅរបស់មេដឹកនាំបក្សប្រឆាំង ទៅលើលោក ដូណាល់ត្រាំ ដែលពួកគេមិនគិតស្មានថាលោក ដូណាល់ត្រាំ អាចឈ្នះឆ្នោតជាប្រធានាធិបតីនោះ បានក្លាយជាពាក្យហាស្លាក់ខ្ជាក់ស្លែង ព្រោះតែអ្នកដែលខ្លួនវាយប្រហារ និងមើលងាយនោះ បានក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិកទៅហើយ បន្ទាប់ពីយកឈ្នះដៃគូប្រកួតរបស់ខ្លួន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក សម រង្ស៊ី ពេលនេះ ប្រហែលជាអន់ចង់ហើយ ហើយក៏ប្រហែលជាស្ងាត់មាត់ដូចគេចុក និងក៏ប្រហែលជាកំពុងសម្ងំរកល្បិចកលដើម្បីបង្វែរស្ថានការណ៍ និងកែកំហុសដ៏ងងឹតងងល់របស់ខ្លួន ដែលនិយាយជ្រុលហួស។ ការវាយប្រហារទៅលើ ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក ថាជាជនផ្តាច់ការរបស់ លោក សម រង្ស៊ី គឺជាការវិភាគដែលគ្មានបទពិសោធន៍ និងល្ងង់ខ្លៅជាទីបំផុត ។

ទាំងមេដឹកនាំបក្សប្រឆាំង និងខ្សែស្រឡាយនៃក្រុមប្រឆាំងដែលរួមមានអង្គការ NGOs ប្រឆាំង សមាគម និងបណ្តាញព័ត៌មានប្រឆាំងមួយចំនួន សុទ្ធតែគាំទ្របេក្ខភាពលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប្រធានាធិបតីអាមេរិក ព្រោះតែពួកគេទទួលជំនួយ និងផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីសហរដ្ឋអាមេរិក និងជាពិសេសពីក្រុមលោកស្រី ហ៊ីលឡារី គ្លីនតុន នេះតែម្តង។ បក្សប្រឆាំងមានទំនាក់ទំនងខាងនយោបាយជាមួយក្រុមលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាពិសេសគឺការរៀបចំបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយបក្សប្រឆាំងទទួលបានការជ្រោមជ្រែងទាំងការរៀនសូត្រពីរបៀបធ្វើបដិវត្ត និងធនធានលុយកាក់ក្នុងការអនុវត្តផងដែរ បើទោះបីជាបក្សប្រឆាំង ប្រកែកថាការជួបជុំគ្នា ដើម្បីប្រើប្រាស់សិទ្ធិបញ្ចេញមតិក្តី ប៉ុន្តែជានិច្ចកាលទង្វើរបស់បក្សប្រឆាំង គឺមានចរិតជារបៀបធ្វើបដិវត្តពណ៌។ នេះអាចជាមូលហេតុដ៏ចំបង ដែលមេបក្សប្រឆាំងខំប្រឹងសម្ញែងការគាំទ្រចំពោះលោកស្រី ហ៊ីលឡារី គ្លីនតុន និងវាយប្រហារលើលោក ដូណាល់ត្រាំ។ ប៉ុន្តែដល់ពេលដែលលោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ឆ្នោតគេមិនទាន់ដឹងថា តើមេបក្សប្រឆាំងនឹងផ្លាស់ប្តូរជំហរ ទៅលូនក្រាប យកគាប់គួរ បេក្ខភាពប្រធានាធិបតីថ្មីឬយ៉ាងណានោះទេ?។

ធ្វើនយោបាយ គួរឆ្លាតវៃដូចលោក ហ៊ុន សែន ដែលមិនគួរណា សម រង្ស៊ី ល្ងង់ខ្លៅ និងធ្វើសកម្មភាពណាមួយជាការបិទផ្លូវដើរខ្លួនឯងដូច្នោះឡើយ៕

ដោយ៖ ព្រហ្ម លក្ខណ

opinion-1

ចែករំលែក

បញ្ចេញយោបល់