ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ។ សន្ទុះនៃការនាំចេញកើនឡើង ក្នុងឱកាសដែលកសិករកម្ពុជាកំពុងតែប្រមូលស្រូវថ្មី គឺជាសញ្ញាវិជ្ជមានសម្រាប់ទប់ស្កាត់តម្លៃស្រូវមិនឲ្យធ្លាក់ចុះ ដែលបង្កក្តីបារម្ភដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសគឺកសិករតែម្តង។
របាយការណ៍នៃការនាំចេញអង្ករក្នុងរយ:ពេល១០ខែ បង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារមានកំណើន៣,៣០% ពី៤០៨,១៦៨តោននៅ១០ខែនៅឆ្នាំ២០១៥ ដល់៤២១,៥២១ តោនក្នុងរយ:ពេលដូចគ្នាក្នុង ឆ្នាំ២០១៦។ ដោយឡែកខែតុលា គឺការនាំចេញ កេីនឡេីង៥៣% ធៀបនឹងខែតុលាឆ្នាំ២០១៥។
បច្ចុប្បន្ននេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងមមាញឹកក្នុងការប្រមូលសំណាកអង្ករល្អៗពីក្រុមហ៊ុនមួយចំនួន ដើម្បីរៀបចំ ការប្រកួតប្រជែងផ្ទៃក្នុងមុនបញ្ជូនទៅប្រកួតជាលក្ខណៈអន្តរជាតិនៅពាក់កណ្តាលខែវិច្ឆិកា២០១៦។
នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានការប្រកួតប្រជែងគុណភាពអង្ករលក្ខណៈថ្នាក់ជាតិ នៅភោជនីយដ្ឋាន TOPAZ។
សូមជម្រាបផងដែរថា កន្លងមកអង្ករកម្ពុជាធ្លាប់ទទួលបានជ័យលាភីជាអង្ករល្អបំផុតលើពិភពលោក៣ឆ្នាំ តជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤ តែអង្ករកម្ពុជាមិនបានគ្រងតំណែងឯកនេះក្នុងឆ្នាំ២០១៥នោះទេ។ មានមូលហេតុខ្លះត្រូវបានអ្នកជំនាញស្រូវអង្ករពន្យល់ថា ការប្រកួតកាលពីឆ្នាំ២០១៥ ត្រូវបានគេធ្វើឡើងក្នុងខែតុលា ខណៈកម្ពុជាទទួលផលស្រូវថ្មីក្នុងខែវិច្ឆិកា ដូចនេះកម្ពុជាមិនបាននាំយកអង្ករស្រូវថ្មីទៅចូលរួមទេ៕