ភ្លាមៗក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិច បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី គ្លីនតុន សុខចិត្តប្រកាសជាសាធារណៈអំពីការទទួលស្គាល់លទ្ធផលបោះឆ្នោត ទោះបីជាលទ្ធផលនោះបានបង្ហាញថា លោកស្រីមិនទទួលបានជ័យជំនះក៏ដោយ ដែលខុសពីគណបក្សប្រឆាំងនៅកម្ពុជាដែលមិនធ្លាប់ទទួលស្គាល់លទ្ធផលបោះឆ្នោតទាល់តែសោះក្នុងពេលកន្លងមក។
ឥរិយាបទរបស់អ្នកនយោបាយអាម៉េរិចលោកស្រី ហ៊ីលឡារី គ្លីនតុន នៅពេលនេះគឺបង្ហាញពីស្មារតីជាអ្នកកីឡាដែលក្លាហានព្រមទទួលយកការពិត ហ៊ានចូលទីលានប្រកួត គឺហ៊ានទទួលយកលទ្ធផលនៃការប្រកួតនោះ បើទោះបីឈ្នះ ឬចាញ់ក៏ដោយ។ មកទល់ពេលនេះគេសង្កេតឃើញថាលោកស្រី គ្លីនតុន និងបក្ខពួកមិនបានតវ៉ាពីភាពមិនប្រក្រតីណាមួយកើតចេញពីដំណើរការនៃការបោះឆ្នោតនោះឡើយ រឹតតែមិនបានឃើញ លោកស្រីប្រកាសកៀរគប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រលោកស្រីប្រមាណជាង៥០លាននាក់នោះ មកធ្វើបាតុកម្មដណ្តើមអំណាច ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកត្រាំ ដូចបក្សប្រឆាំងនៅកម្ពុជាធ្លាប់បានធ្វើក្នុងពេលកន្លងមកនោះទេ។ នៅកម្ពុជាគេមិនទាន់ភ្លេចនោះទេ គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស ព្រមគ្នានោះមេដឹកនាំបក្សប្រឆាំងដែលចាញ់ឆ្នោតនោះបានប្រកាសមិនទទួលយកលទ្ធផលនៃការបោះឆ្នោតដូចគ្នាដែរ ហើយពួកគេបានកៀរគរអ្នកគាំទ្ររបស់ខ្លួនមកធ្វើបាតុកម្មទាមទារឱ្យមានការបោះឆ្នោតជាថ្មី មិនបានប៉ុន្មានផងក៏ឈានដល់ការធ្វើមហាបាតុកម្មដែលប្រើរយៈពេលជិតមួយឆ្នាំដើម្បីទាមទារទម្លាក់រដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែពុតត្បុតអាក្រក់ទាំងនោះមិនទទួលបានជោគជ័យនោះទេ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបាតុកម្មដែលរៀបចំដោយបក្សប្រឆាំងនោះ មិនបាននាំលាភសំណាង ឬផលប្រយោជន៍ អ្វីសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាល់តែសោះ។
ជាការពិតណាស់ ប្រទេសកម្ពុជាក៏បានរួចផុតពីសង្គ្រាម ហើយសន្តិភាពក៏បានរួមរស់ជាមួយប្រជាជនកម្ពុជា ជិតពីរទស្សវត្សមកហើយដែរ។ ដូចនេះបក្សប្រឆាំងនៅស្រុកខ្មែរបច្ចុប្បន្ន ដែលមានកំណើតដំណាលគ្នា ជាមួយនឹងសន្តិភាពនោះ ក៏មានអាយុច្រើនវស្សា សមល្មមចេះគិត រួមគ្មារិៈរកភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាជាតិខ្លួនឯងផង កុំព្រោះតែភាពអាត្មានិយម និងគំនុំគុំគួន ចង់បានអំណាច ទាញប្រទេសកម្ពុជាដ៏កំសត់មួយនេះធ្លាក់ក្នុងភ្លើងសង្គ្រាមទៀតអី។ ជាក់ស្តែងការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខនេះ បក្សប្រឆាំងទាំងអស់គួរយកទង្វើរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មកធ្វើជាគម្រូ មានន័យថា បើហ៊ានចូលប្រកួត ត្រូវតែហ៊ានចាញ់ ត្រូវតែទទួលស្គាល់ការពិត។
ដោយ៖ សុត្ថា អានន្ទ