អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើលោក សម រង្ស៊ី ជាមាសសុទ្ធគួរបង្ហាញភស្តុតាងចំពោះមុខច្បាប់កុំចេះតែនិយាយចោទប្រកាន់គេទាំងងងឹតងងុល

ថ្ងៃអង្គារ ទី ៨ វិច្ឆិកា ២០១៦​
109

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បើលោក សម រង្ស៊ី ចិត្តសឿងមាសសុទ្ធមិនខ្លាចភ្លើង និងមានភស្តុតាងគួរតែយកមកបង្ហាញចំពោះមុខច្បាប់កុំចេះតែនិយាយចោទប្រកាន់គេទាំងងងឹតងងុល។ ការលើកឡើងនេះ ជាការឆ្លើយតបចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់គាត់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកមិនខ្វល់ពីបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែននោះឡើយ។

ការបង្ហោះផ្សាយរបស់លោក សម រង្ស៊ី បែបនេះ ធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា បានទិញ Facebook likes ដើម្បីបង្កើនប្រជាប្រិយភាពលើបណ្ដាញសង្គម។ ពាក់ព័ន្ធបញ្ហានេះ លោក សម រង្ស៊ី នៅថ្ងៃនេះប្រកាសថា លោកមិនខ្វល់ពីពាក្យបណ្តឹងនេះទេ និងបានបន្តចោទប្រកាន់សម្តេចផងដែរ។ ក៏ប៉ុន្តែមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា ទោះលោក សម រង្ស៊ី មិនខ្វាយខ្វល់ពីពាក្យបណ្តឹងក៏ដោយ តែតុលាការនៅតែបន្តអនុវត្តតាមនិតិវិធីច្បាប់ និងបានចាត់ទុកថា នេះជាទម្លាប់របស់លោក សម រង្ស៊ី ដែលតែងមើលងាយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា ទោះលោក សម រង្ស៊ី ប្រកាសមិនខ្វល់ពីបណ្តឹង ឬបញ្ចេញទស្សនៈ និងនិយាយយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍អ្វីជាមួយផ្លូវច្បាប់នោះឡើយ។ គ្មានប្រយោជន៍ដោយសារតែមេបក្សប្រឆាំងរូបនេះ ហ៊ាននិយាយតែពីខាងក្រៅប្រទេស ដែលតាមគោលការណ៍ច្បាប់ គឺមិនអាចយកជាការបានឡើយ ហើយនេះក៏ជាទម្លាប់ដដែលៗរបស់លោក សម រង្ស៊ី ដែលតែងតែប្រព្រឹត្តនូវកំហុសឆ្គង ហើយមិនហ៊ានប្រឈមចំពោះមុខច្បាប់ ដោយបុគ្គលរូបនេះ តែងតែគេចវេសពីការអនុវត្តច្បាប់ និងតែងតែចោទប្រកាន់លាបពណ៌មកលើអ្នកដទៃទាំងងងឹតងងុល ដើម្បីទម្លាក់ប្រជាប្រិយភាពរបស់គេ។ លោក ក៏បានថ្លែងបន្ថែមទៀតថា បើលោក សម រង្ស៊ី ជាមាសសុទ្ធគួរបង្ហាញភស្តុតាងចំពោះមុខច្បាប់។

គួរបញ្ជាក់ថា តាមហ្វេសប៊ុកផ្លូវការបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ដែលបានសរសេរបង្ហោះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ថ្ងៃនេះតុលាការកោះហៅរូបលោកឲ្យទៅបំភ្លឺក្នុងករណីពាក្យបណ្តឹងបរិហារកេរ្តិ៍មួយទៀត ពីសំណាក់មន្ត្រីរដ្ឋាភិបាល៕

cam-photo-rainsy-channa-web-only-800x533

ចែករំលែក

បញ្ចេញយោបល់