កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវយូ សុគន្ធ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលយល់ដឹង ជាមូលដ្ឋានពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម មកពីឃុំចំនួន៦ក្នុងស្រុកទឹកឈូ ដែលមានអ្នកចូលរួមសរុបប្រមាណ៤៤រូប ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកស្ម័គ្រចិត្ត។
ក្នុងឱកាសនោះលោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ចាន់ ចេស្តា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអ្នកស្ម័គ្រចិត្តដោយក្តីនឹករលឹកបំផុតរួចមក លោកជំទាវបានកោតសរសើរ និងថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់អ្នកស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាមកចូលរួមរៀន សូត្រដើម្បីក្រេបជញ្ជក់យកចំណេះដឹងថ្មីទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន ឱ្យស្របតាមគោលការណ៍គ្រឹះ៧ប្រការរបស់កាកបាទក្រហម៕