តើនឹងមានអ្វីកើតឡើង ប្រសិនបើលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកស្មើគ្នា?

ថ្ងៃអង្គារ ទី ៨ វិច្ឆិកា ២០១៦​
92

ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកបានចូលដល់ដំណាក់កាលចុងក្រោយ មានតែមនុស្សតិចតួចប៉ុណ្ណោះ ដែលក្លាហានហ៊ានទស្សន៍ទាយលទ្ធផលនេះ។ ការស្ទង់មតិនេះប្រកៀកប្រកិតគ្នាខ្លាំងណាស់ នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បេក្ខជនទាំងពីររត់ប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋ        សំខាន់ៗជាច្រើន។

បេក្ខជនគណបក្សសាធារណរដ្ឋលោក Donald Trump បានលើកឡើងរួចហើយថា គាត់អាចនឹងមិនគោរពលទ្ធផលនៃការបោះឆ្នោតនេះ។ ប៉ុន្តែតើនឹងមានអ្វីកើតឡើង ប្រសិនបើលទ្ធផលស្មើគ្នារវាងបេក្ខជនទាំងពីរ? តើនឹងមានអ្វីកើតឡើង ប្រសិនបើលទ្ធផលអង្គបោះឆ្នោតស្មើគ្នានោះ?

ដើម្បីឈ្នះការបោះឆ្នោតនេះ បេក្ខជនត្រូវតែទទួលបានសំឡេងឆ្នោតពីអង្គបោះឆ្នោត ២៧០    សំឡេង។ ចំនួននៃអង្គបោះឆ្នោតសរុបទាំងអស់មាន ៥៣៨  សំឡេង។ ដូច្នេះ តើមានអ្វីកើតឡើងប្រសិនបើលោកស្រី Hillary Clinton និងលោក Trump ទទួលបាន ២៦៩ សំឡេងដូចគ្នា? មាត្រាពីរនៃរដ្ឋធម្មនុញ្ញអាមេរិកបានចែងថា សភាតំណាងរាស្ត្រនឹងជ្រើសរើសរវាងបេក្ខជនទាំងពីរតាមរយៈការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងមកពីរដ្ឋនីមួយៗនឹងមានតែមួយសំឡេងឆ្នោត ដោយមិនគិតពីទំហំនៃចំនួនប្រជាជនរបស់រដ្ឋទាំងនោះ។ បេក្ខជនដែលទទួលបានច្រើនជាងពាក់កណ្តាលនៃរដ្ឋនេះ នឹងក្លាយទៅជាប្រធានាធិបតីថ្មី។ ប្រសិនបើវាត្រូវបានកើតឡើង លោក Trump ទំនងជានឹងឈ្នះការបោះឆ្នោត ខណៈដែលគាត់អាចប្រមូលការគាំទ្រពីបណ្តារដ្ឋជាច្រើនទៀត បើទោះបីជាគាត់ទទួលបានសំឡេងគាំទ្រពីអង្គបោះតិចជាងក៏ដោយ។ ជាឧទាហរណ៍ រដ្ឋ California ដែលមានសំឡេងអង្គបោះឆ្នោតចំនួន ៥៣ សំឡេង ដែលជារឿយៗបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យតែមួយសន្លឹកតែប៉ុណ្ណោះ ដូចទៅនឹងរដ្ឋដែលមានការប្រទាញប្រទង់សំខាន់ៗផងដែរ។

បណ្តារដ្ឋដែលដាច់ស្រយាលតូចៗជាច្រើន ទំនងជាបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋដែលនឹងនាំឱ្យមានការប្រទាញប្រទង់ដូចទៅនឹងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ។ វាអាស្រ័យទៅលើអ្នកតំណាងរដ្ឋនីមួយៗ ដែលក្នុងចំណោមអ្នកតំណាងនោះជាច្រើន នឹងត្រូវបានគេជ្រើសរើសបោះឆ្នោតផងដែរ សម្រាប់ជ្រើសរើសថា តើរដ្ឋរបស់ពួកគេបោះឆ្នោតឱ្យបេក្ខភាពណាមួយ។

តើមានអ្វីកើតឡើង ប្រសិនបើវានៅតែជាចំណងបញ្ហា? ជាសារៈសំខាន់ សភាតំណាងរាស្រ្តរក្សាការបោះឆ្នោតរហូតដល់មានបេក្ខជនឈ្នះឆ្នោតលេចមុខឡើង។ តាមច្បាប់វិសោធនកម្មលើកទី ១២ និយាយថា ប្រសិនបើសភាមិនអាចជ្រើសរើសប្រធានាធិបតីណាមួយនៅថ្ងៃទី ២០ ខែមករា ជាថ្ងៃដែលប្រធានាធិបតីថ្មីបន្តតំណែងពីលោក Barack Obama នោះទេ អនុប្រធានាធិបតីត្រូវបានគេជ្រើសរើសធ្វើជាប្រធានាធិបតីស្តីទីរហូតដល់ការជាប់គាំងនេះត្រូវបានដោះស្រាយ។

នៅក្នុងកាលៈទេសៈលើកលែង តើនឹងមានអ្វីកើតឡើង ប្រសិនបើការបោះឆ្នោតអនុប្រធានា     ធិបតីក៏នៅតែជាប់គាំងដដែល ហើយព្រឹទ្ធសភាបានខកខានជ្រើសរើសរវាងបេក្ខជនទាំងពីរនោះ? នៅក្នុងករណីនេះ អ្នកស្នងអំណាចប្រធានាធិបតីគឺជាប្រធានរដ្ឋសភាដែលនឹងធ្វើការជាប្រធានាធិបតីស្តីទីនៅក្នុងសេតវិមាន ហើយព្រឹទ្ធសភាបន្តបោះឆ្នោតរហូតដល់មានអ្នកឈ្នះលេចមុខឡើង។

តើបញ្ហានេះធ្លាប់កើតមានពីមុនមកដែរទេ?

វាបានកើតឡើង ហើយកើតឡើងទៅលើលោក Thomas Jefferson និងគូប្រកួតរបស់គាត់គឺលោក Aaron Burr ក្នុងឆ្នាំ ១៨០០។ នៅគ្រានោះដែរ ការបោះឆ្នោតសម្រាប់ប្រធានាធិបតី និងអនុប្រធានាធិបតីមិនត្រូវបានគេដាក់នៅក្នុងបញ្ជីសន្លឹកឆ្នោតដោយឡែកពីគ្នាទេ ហើយលោក John Quincy Adams គឺជាគូប្រជែងដ៏ចម្បងរបស់លោក Jefferson តាមការពិត គឺលោក Burr ទៅវិញទេ ដែលជាប់បញ្ហាដោះស្រាយមិនចេញទៅនឹងចំនួនសន្លឹកឆ្នោតស្មើគ្នា។ នៅត្រង់ចំណុចនេះ រដ្ឋធម្មនុញ្ញមិនបានចែងឱ្យច្បាស់ថា អង្គបោះឆ្នោតគួរតែបោះឆ្នោតដោយឡែកពីគ្នា នៅពេលពួកគេជ្រើសរើសប្រធានាធិបតី ដែលអ្នកឈ្នះនឹងកាន់តំណែងកំពូល ខណៈពេលដែលបេក្ខជនបានចំណាត់ថ្នាក់ទីពីរទទួលបានតំណែងជាអនុប្រធានាធិបតី។ ក៏ប៉ុន្តែ បន្ទាប់ពីនោះមកមានវិសោធនកម្មច្បាប់លើកទី ១២ ក៏បានអនុញ្ញាតឱ្យអង្គបោះឆ្នោតដើម្បីឱ្យបោះឆ្នោតដោយឡែកពីគ្នា សម្រាប់តួនាទីប្រធានាធិបតី និងអនុប្រធានាធិបតី។

នៅក្នុងការបោះឆ្នោតឆ្នាំ ១៨២៤ បេក្ខភាពទាំងបួននាក់ខកខានមិនទទួលសំឡេងឆ្នោតពីអង្គបោះឆ្នោតភាគច្រើននោះទេ។ សភាបានបោះឆ្នោតឱ្យលោក John Quincy Adams ធ្វើជាប្រធានាធិបតី បើទោះបីជាគូប្រកួតរបស់គាត់លោក Andrew Jackson បានឈ្នះការបោះឆ្នោតដ៏មានប្រជាប្រិយភាពក៏ដោយ៕

ប្រភព៖ The Telegraph ចុះថ្ងៃ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៦

capture

 

ចែករំលែក

បញ្ចេញយោបល់