នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Bright Lee នាយកសេវាកម្ម ដឹកនាំក្រុមអ្នកជំនាញការកូរ៉េ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពការងារចុះបញ្ជីដីនិងការគ្រប់គ្រងដីក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា
លោករដ្ឋមន្រ្តី សាយ សំអាល់ បានគាំទ្រចំពោះសំណើសុំរៀបចំសិក្ខាសាលាស្ដីពីផែនការហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់សម្រាប់ការគ្រប់គ្រងដីនិងភូមិសាស្ត្រនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងក្នុងកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
លោករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានស្នើឱ្យមន្ត្រីជំនាញផែនទីនិងភូមិសាស្ត្រនៃក្រសួងបរិស្ថានបន្តពិភាក្សាការងារជាមួយគ្នា ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីឈានទៅរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា៕