សម្តេចតេជោ ហ៊ុន សែន ៖ ទោះត្រាំឈ្នះ ឬចាញ់ ត្រូវតែបញ្ជូនសារមេបក្សប្រឆាំងដែលចោទថា ត្រាំ ជាជនផ្តាច់ការទៅឲ្យត្រាំមើល

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
109

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សម្តេចនឹងបញ្ជូនសាររិះគន់របស់មេបក្សប្រឆាំងដែលចោទលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិកថា ជាជនផ្តាច់ការឲ្យលោកត្រាំ បានមើល។ ប្រមុខរាជរដ្ឋាភិបាលក៏បានសំណូមពរឲ្យពលរដ្ឋអាមេរិកដែលគាំទ្រលោក ដូណាល់ ត្រាំ កត់ត្រាទុកនូវសម្តីរបស់មេបក្សប្រឆាំងអាចជាលោក សម រង្ស៊ី  ដែលបានហៅលោក ដូណាល់ ត្រាំ ជាជនផ្តាច់ការ ហើយថា សម្តេចនឹងបញ្ជូនសាររិះគន់របស់លោក មេបក្សប្រឆាំង ទៅដល់លោក ដូណាល់ ត្រាំ បើទោះណាលោកជាប់ ឬធ្លាក់ក៏ដោយ។

ក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងគាំទ្រឲ្យលោក ដូណាល់ ត្រាំ បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិក ឈ្នះការបោះឆ្នោតនៅអាមេរិក ដែលមានគូប្រជែងជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន។

សូមរម្លឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់ ឬធ្លាក់របស់បេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជារឿងរបស់ពលរដ្ឋអាមេរិក តែសម្តេចក៏មានសិទ្ធិក្នុងការវិភាគទៅលើព្រឹត្តិការណ៍វិវឌ្ឍន៍របស់ពិភពលោកជុំវិញការបោះឆ្នោតរបស់អាមេរិកផងដែរ។

បើតាមការវិភាគរបស់សម្តេច ប្រសិនបើលោក ដូណាល់ ត្រាំ ដែលជាអ្នកជំនួញជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ស្ថានការណ៍ពិភពលោកនឹងល្អប្រសើរ ហើយទំនាក់ទំនងអាមេរិក និងរុស្ស៊ី ក៏ល្អប្រសើរផងដែរ។ សម្តេចតេជោ បានវិភាគថា ពិភពលោកនឹងដើររកសន្ដិភាពវិញ ព្រោះត្រាំ គឺជាអ្នកជំនួញ មិនចង់ឃើញសង្គ្រាមនោះទេ។ ផ្ទុយទៅវិញប្រសិនបើលោកស្រី គ្លីនតុន ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី អាចនឹងបន្តនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដូចអ្វីដែលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកំពុងធ្វើនាពេលបច្ចុប្បន្ន៕

14976801_1145163322198830_7254689352681975791_o 15000266_1145163258865503_5294544898364929919_o 15000839_1145163245532171_3119837728880482988_o 15002382_1145163488865480_1289085837611700195_o 15002385_1145163508865478_167430376589398563_o 15003279_1145163358865493_3195325304791367574_o

ចែករំលែក

បញ្ចេញយោបល់