នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមករណីលោក ហុង សុខហួរ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ តែមិនពិន័យជាប្រាក់ទេ។
តុលាការបានចោទប្រកាន់លោក ហុង សុខហួរ ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោក យន្តថារ៉ូ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀត ណាម បង្ហោះតាមទំព័រ Facebook លោក សមរង្ស៊ី។