តើប្រធានបក្សកុម្មុយនីស្តរបស់ចិនលោក ស៊ី ជីនភីង ត្រូវបានគេចាត់ទុកថា ជា “ស្នូលនៃថ្នាក់ដឹកនាំបក្ស” ក្នុងរយៈពេលតិចជាង ៤ ឆ្នាំដោយរបៀបណា នៅពេលលោក ហ៊ូ ជីនតាវ មិនដែលសម្រេចបានការទទួលស្គាល់បែបនេះក្នុងរយៈពេល ១០ ឆ្នាំក្នុងនាមជាប្រធានបក្ស?
អគ្គលេខាធិការបក្សលោក ស៊ី ត្រូវបានផ្តល់ងារ “ស្នូល” នេះជាលើកដំបូងនៅក្នុងឯកសារផ្លូវការរបស់បក្សនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសន្និបាតលើកទី ៦ របស់គណៈកម្មាធិការមជ្ឈឹមបក្ស ដែលបញ្ចប់នៅថ្ងៃទី ២៧ ខែតុលា។ សេចក្តីថ្លែងការណ៍នោះបានជំរុញឲ្យគណបក្សបង្រួបបង្រួមគ្នារឹងមាំដោយមានសមមិត្ត ស៊ី ជីនភីង ជាស្នូល។ មិនដូចងារអគ្គលេខាធិការបក្សនោះទេ ងារ “ស្នូល” នេះមិនត្រូវបានគេកំណត់នៅក្នុងឯកសារបក្សជាផ្លូវការណាមួយដែលសាធារណជនអាចដឹងទេ ប៉ុន្តែអ្នកវិភាគបាននិយាយថា ងារនោះបានផ្តល់ឲ្យលោក ស៊ី នូវអំណាចវេតូចុងក្រោយ។
មនុស្សជាច្រើនមើលឃើញថា ការតម្លើងថ្នាក់របស់គាត់នោះគឺបង្ហាញពីការបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍របស់បក្សដើម្បីធ្វើឲ្យថ្នាក់ដឹកនាំកាន់តែប្រមូលផ្តុំដោយអ្នកឃ្លាំមើលចិននិយាយថា ការជ្រើសយកលោក ស៊ី នោះគឺដោយសារតែអវត្តមាននៃឥទ្ធិពលដែលបន្តរបស់លោក ហ៊ូ បន្ទាប់ពីការចូលនិវត្តរបស់គាត់ក្នុងនាមជាប្រធានបក្សនៅឆ្នាំ ២០១២។ លោក ឈិន ដាវយីន (Chen Dioayin) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរបស់សាកលវិទ្យាសៀងហៃ បាននិយាយថា លោក ស៊ី ទទួលបានឱកាសល្អនៅក្នុងបក្សជាងអ្នកកាន់តំណែងមុនៗរបស់គាត់ក្នុងន័យនៃការក្តោបក្តាប់និងប្រមូលផ្តុំអំណាច។
លោក ហ៊ូ ត្រូវបានគេតែងតាំងជាអគ្គលេខាធិការបក្សនៅឆ្នាំ ២០០២ ប៉ុន្តែអ្នកកាន់តំណែងមុនរបស់គាត់លោក ចាង ជីមិន (Jiang Zemin) នៅតែកាន់តំណែងប្រធានគណៈកម្មាធិការយោធាមជ្ឈឹមរបស់បក្ស (Central Military Commission – CMC) អស់រយៈពេល ២ ឆ្នាំទៀត។ លោក ឈិន បាននិយាយថា “សូម្បីបន្ទាប់ពីលោក ហ៊ូ នៅទីបំផុត ត្រូវបានតែងតាំងជាប្រធានរបស់ CMC ក៏ដោយ ក៏ឥទ្ធិពលរបស់លោក ចាង នៅតែមាន ហើយបណ្តាមេដឹកនាំយោធាគឺជាមនុស្សរបស់លោក ចាង”។
នៅពេលលោក ហ៊ូ បានចុះចេញពីតំណែងក្នុងនាមជាប្រធានបក្សនៅឆ្នាំ ២០១២ គាត់បានផ្ទេរការគ្រប់គ្រងបក្សនិងយោធាទៅឲ្យលោក ស៊ី ដែលបានស្នងតំណែងពីគាត់ក្នុងនាមជាប្រមុខរដ្ឋនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៣។
លោក ឈិន បាននិយាយថា “នោះបានផ្តល់ឲ្យលោក ស៊ី នូវបរិយាកាសអំណោយផលក្នុងការធ្វើអ្វីដែលគាត់ចង់។ យកល្អ លោក ស៊ី គួរតែអរគុណលោក ហ៊ូ ចំពោះការផ្ទេងារផ្លូវការទាំងអស់របស់គាត់នៅពេលនោះ”។
លោក ចាង បានប្រឈមមុខស្រដៀងគ្នាក្នុងការបង្កើតអំណាចរបស់គាត់ក្នុងអំឡុងកាន់អំណាចនៅឆ្នាំដំបូងរបស់គាត់។ គាត់ត្រូវបានគ្របដណ្តប់ដោយមេដឹកនាំដ៏មានអំណាចលោក Deng Xiaoping ទោះបីជាត្រូវបានផ្តល់ងារជាមេដឹកនាំ “ស្នូល” ដោយមានការសាទរពីលោក Deng ក៏ដោយ។
លោក ឈិន បាននិយាយថា លោក ចាង ក៏បានប្រើប្រាស់ការគ្រប់គ្រងលើយោធាដើម្បីក្តោបអំណាចលើបក្សនិងរដ្ឋាភិបាលដែរ។ ប៉ុន្តែ នៅពេលលោក ស៊ី បានឡើងកាន់អំណាច គាត់កំចាត់ឥទ្ធិពលដែលនៅតែបន្តរបស់លោក ចាង នៅក្នុងយោធា ដោយបានកំចាត់អតីតអនុប្រធាន CMC លោក Xu Caihou និងលោក Cuo Boxiong ដែលអ្នកទាំងពីរជាអតីសម្ព័ន្ធមិត្តរបស់លោក ចាង។
លោក ស៊ី ក៏បន្តពង្រឹងអំណាចរបស់គាត់លើយោធារបស់ចិន (People’s Liberation Army – PLA) ដោយការធ្វើកំណែទម្រង់ស៊ីជម្រៅលើឋានៈតួនាទីរបស់ខ្លួន ដោយអនុញ្ញាតឲ្យគាត់បន្តអនុវត្តនូវរដ្ឋាភិបាលផ្សេងទៀតនៃផែនការនយោបាយរបស់គាត់។ លោក ឈិន បាននិយាយថា “លោក ស៊ី បានកែទម្រង់ PLA ហើយនោះបានជួយឲ្យគាត់ក្តោបក្តាប់ PLA យ៉ាងណែន”។
ពាក្យសម្តីរបស់លោក ឈិន បានបន្ទរការសង្កេតឃើញរបស់អ្នកនយោបាយអាមេរិកដែលបានធ្វើការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន រាប់បញ្ចូលទាំងអតីតរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Robert Gates។ លោកស្រី គ្លីនតុន បាននិយាយក្នុងអំឡុងពេលសុន្ទរកថាឆ្នាំ ២០១៣ ដោយយោងតាមអ៊ីម៉ែលដែលលួចនិងចេញផ្សាយដោយ WikiLeaks នៅខែតុលា ថា “លោក ហ៊ូ ជីនតាវ មិនដូចលោក ចាង ជីមិន ទេ ពិតជាមិនដែលចាប់យកអំណាចលើ PLA ដែលសំខាន់សម្រាប់គ្រប់រដ្ឋាភិបាលនោះទេ ទោះបីជាវាជារដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសរបស់យើង ឬនៅក្នុងរដ្ឋាភិបាលកុម្មុយនីស្តនៅចិនក៏ដោយ។ ដូច្នេះ ប្រធានាធិបតី ស៊ី កំពុងដើរលើផ្លូវត្រូវក្នុងការព្យាយាមក្តាប់អំណាចរបស់គាត់ ហើយខ្ញុំគិតថា នោះក៏ជាដំណឹងល្អផងដែរ”។
លោក Gates ក៏បាននិយាយស្រដៀងគ្នាអំពីការក្តាប់អំណាចរបស់លោក ស៊ី ទៅលើយោធាដែរ ដោយបាននិយាយនៅឆ្នាំ ២០១៤ ថា លោក ហ៊ូ “មិនបានគ្រប់គ្រងរឹងមាំ” លើយោធាទេ។ នៅពេលលោក Gates បំពេញទស្សនកិច្ចនៅប៉េកាំងក្នុងឆ្នាំ ២០១១ PLA បានធ្វើតេស្តហោះហើរយន្តហោះចម្បាំងដែលរ៉ាដាចាប់មិនបានដំបូងរបស់ខ្លួន គួរឲ្យភ្ញាក់ផ្អើលម៉ាក Jian-20 ដោយលោក Gates និយាយថា ព្រឹត្តិការណ៍នោះហាក់បីដូចជាលោក ហ៊ូ មិនបានដឹង។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយប្រាប់បណ្តាញផ្សព្វផ្សាយនៅថ្ងៃនោះថា “វាច្បាស់ណាស់ថា រដ្ឋាភិបាលស៊ីវិលមិនត្រូវគេជម្រាប”។
សាស្ត្រាចារ្យលោក Ding Xueliang សង្គមវិទូរនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅហុងកុងបាននិយាយថា ការក្តាប់អំណាចរបស់លោក ស៊ី បានធ្វើឡើងដោយគាត់បោសសម្អាតទាំងស្ថាប័នសន្តិសុខនិងយោធារបស់ប្រទេស។ លោក Ding បាននិយាយថា “វាកម្រណាស់សម្រាប់មេដឹកនាំណាមួយក្នុងការវាយប្រហារលើស្ថាប័នសន្តិសុខក្នុងស្រុកនិងយោធាក្នុងពេលទន្ទឹមគ្នា។ ពួកគេ ជាធម្មតា ពឹងអាស្រ័យលើស្ថាប័នមួយក្នុងចំណោមពីរនោះ។ ប៉ុន្តែលោក ស៊ី ពិតជាបានធ្វើវាទាំងពីរ ដែលនោះពិតជាក្លាហានណាស់”។
លោក Ding បានកត់សម្គាល់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយដល់ឬសគល់របស់លោក ស៊ី នោះបានកំចាត់អតីតមេសន្តិសុខលោក Zhou Yongkang ដែលស្ថិតក្រោមការស៊ើបអង្កេតនៅឆ្នាំ ២០១៣ និងលោក Xu នៅដើមឆ្នាំ ២០១៤។ លោក Guo ត្រូវគេស៊ើបអង្កេតនៅឆ្នាំ ២០១៥។
លោក Ding បាននិយាយថា ភាពក្លាហានរបស់លោក ស៊ី មានឬសគល់នៅក្នុងបរិយាកាសដែលជំនាន់របស់គាត់បានធំដឹងក្តី។ លោក Ding បាននិយាយថា “មិនដូចលោក ចាង ជីមិន និងលោក ហ៊ូ ជីនតាវ ដែលត្រូវបានតម្លើងថ្នាក់ជាជំហានៗនោះ ជំនាន់របស់លោក ស៊ី បានធំដឹងក្តីនៅអំឡុងបដិវត្តវប្បធម៌។ នោះបានជួយកំណត់អត្តចរឹតរបស់គាត់។ ពួកគេមិនបានគោរពតាមច្បាប់ ដោយពួកគេមិនបានឃើញមានច្បាប់ច្រើនទេនៅពេលពួកគេនៅក្មេង”។
លោក ស៊ី បានឡើងកាន់អំណាចនៅចំពេលមានការកើនឡើងអារម្មណ៍ថា កំពុងមានវិបត្តិក្នុងចំណោមថ្នាក់ដឹកនាំ។ ការពិភាក្សាអំពីសមត្ថភាពរបស់បក្សក្នុងការគ្រប់គ្រងបានកើនឡើងកាន់តែខ្លាំងក្នុងអំឡុងអាណត្តិទីពីររបស់លោក ហ៊ូ នៅពេលគាត់បានកំណត់ភាពគ្រោះថ្នាក់ ៤ និងកត្តាប្រឈម ៤ ដែលការដឹកនាំបក្សតែមួយកំពុងប្រឈម រាប់បញ្ចូលទាំងខ្វះឆន្ទៈផ្លូវចិត្ត និងអសមត្ថភាពរបស់ពួកកម្មាភិបាល និងការដាច់ឆ្ងាយពីប្រជាជន។ ការពិភាក្សានោះបានពង្រីកហួសពីអន្តរកាលអំណាចក្នុងឆ្នាំ ២០១២។
លោក Wang Qishan ថ្នាក់ដឹកនាំប្រឆាំងពុករលួយកំពូលរបស់បក្ស បាននិយាយលើសពីនោះ ដោយបានព្រមានបក្សថា ភាពស្របច្បាប់របស់បក្សក្នុងការដឹកនាំអាចមានហានិភ័យ។ នៅឆ្នាំ ២០១២ បន្ទាប់ពី ២ សប្តាហ៍ប៉ុណ្ណោះក្នុងនាមជាលេខាធិការរបស់គណៈកម្មាធិការមជ្ឈឹមសម្រាប់អធិការកិច្ចខាងវិន័យ លោក Wang បានផ្តល់អនុសាសន៍ថា មន្ត្រីគួរតែអានសៀវភៅរបស់អ្នកវិទ្យាសាស្ត្រនយោបាយបារាំងនៅសតវត្សរ៍ទី ១៩ លោក Alexis de Tocqueville ដែលមានចំណងជើងថា របបចាស់និងការធ្វើបដិវត្ត ដែលផ្តោតលើមូលហេតុនៃការធ្វើបដិវត្តនៅបារាំង។
ដោយពន្យល់អំពីអនុសាសន៍ដ៏ចំឡែករបស់លោក Wang អំពីសៀវភៅនោះ សារព័ត៌មាន People’s Daily បាននិយាយថា ដោយគ្មានកំណែទម្រង់មុតមាំ ចិននឹងកំពុង “ប្រជែងទល់នឹងការធ្វើបដិវត្ត” ហើយបានដកស្រង់សម្តីលោក Tocqueville ដោយនិយាយថា “បដិវត្តទំនងជានឹងកើតឡើងបន្ទាប់ពីភាពប្រសើរឡើងនៃលក្ខខណ្ឌសង្គម”។ អត្ថបទនោះបាននិយាយថា ក្តីរំពឹងរបស់ប្រជាជនអំពីអភិបាលកិច្ចនិងនយោបាយស្អាតស្អំនៅចិនបាននិងកំពុងកើនឡើង ដោយសារតែពួកគេកាន់តែមានទ្រព្យសម្បត្តិ។
បណ្តាញផ្សព្វផ្សាយរដ្ឋបាននិយាយថា ការព្រមានរបស់លោក Wang ចំពោះបក្សបានបង្ហាញពីការព្រួយបារម្ភនៅក្នុងថ្នាក់ដឹកនាំ។ លោក Wang បាននិយាយថា បក្សត្រូវការដឹកនាំខ្លួនដោយតឹងរឹង ដើម្បីរក្សាសន្យាដែលធ្វើឡើងចំពោះប្រជាជននៅពេលខ្លួនឡើងកាន់អំណាច។
ប្រភព៖ South China Moring Post ចុះថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១៦