សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនដ៏ធំមួយ បានរៀបចំបង្កើតគម្រោងសាងសងផ្ទះដែលមានតម្លៃសមរម្យ ចាប់ពី២៥.០០០ដុល្លារ ទៅ៣០.០០០ដុល្លារ ដែលផ្ទះនេះមានចំងាយ១៧គីឡូម៉ែត្រពីវត្តភ្នំ ។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់តម្លៃលក់ផ្ទះល្វែងខ្ពស់បំផុតត្រឹម៣ម៉ឺនដុល្លារអាម៉េរិកទៅឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលមានកំរឹតចំណូលទាប និងមធ្យម។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «មុខសញ្ញាដែលមានឱកាសទិញផ្ទះ គឺជាមន្រ្តីរាជការឬប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប ដែលពុំមានគេហដ្ឋានពិតប្រាកដ ហើយគាត់ត្រូវបំពេញកាតព្វកិច្ចស្នាក់នៅជាអចិន្រៃ្តយ៍រយៈពេល៥ឆ្នាំ ដោយក្នុងមួយគ្រួសារមិនអាចទិញបានលើសពីមួយឡើយ។ លក្ខខណ្ឌដំបូង ត្រូវមានប្រាក់កក់១០ភាគរយ ឬប្រហែល២,៥០០ដុល្លារ ហើយពួកគាត់អាចបង់រំលោះចាប់ពី១០០ដុល្លារឡើងទៅតាមលទ្ធភាព»។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គម្រោងសាង់សងផ្ទះល្វែងនេះ នឹងចំណាយថវិកាជាង១០០លានដុល្លារអាមេរិក។
គោលនយោបាយជាតិស្តីពីលំនៅឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តក្នុងឆ្នាំ២០១៤ ដើម្បីឲ្យប្រជាជនគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ ដែលជាផ្នែកមួយនៃសិទ្ធិមានជីវភាពគ្រប់គ្រាន់ ធានាបាននូវការរស់នៅក្នុងភាពជាឯកជននៃគ្រួសារ និងសុវត្ថិភាពក្នុងការកាន់កាប់លំនៅឋានស្របច្បាប់ រស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ ពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។
ក្រសួងផែនការ បានព្យាករណ៍ថា កំណើនប្រជាជនកម្ពុជា នឹងកើនឡើងដល់ជាង១៨លាននាក់ នៅក្នុងឆ្នាំ២០៣០ខាងមុខ ។ ការកើនឡើងនេះ នឹងធ្វើឲ្យមានតម្រូវការលំនៅឋានថ្មីប្រមាណជាង១លានបន្ថែមទៀត ដោយមិនទាន់គិតពីតម្រូវការលំនៅឋាននាពេលបច្ចុប្បន្ន. ។