មន្រ្តីជំនាញសន្យាមិន​ឲ្យ​​មាន​អ្នកសុំ​ទាន​​បង្កការ​រំ​ខាន​ដល់​ប្រ​ជាជន​​ក្នុង​ឱកាស​ព្រះរា​ជ​ពិ​ធី​​បុណ្យ​អុំទូក​ឆ្នាំនេះ

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
67

ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកជាពិសេសនៅរាជធានីភ្នំពេញ គេតែងសង្កេតឃើញមានជនអនាថាឬជនពិការស្ទើរគ្រប់រូបភាព បានដើរសុំទានតាមទីសាធារណៈ បើទោះបីសមត្ថកិច្ចមានការចាប់ឬប្រមូលយកទៅដាក់នៅមណ្ឌល់អប់រំក្តី ប៉ុន្តែសម្រាប់បុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ត្រីទទួលបន្ទុកផ្នែកជនអនាថា ជនពិការ ឬអ្នកសុំទាន បានសន្យាថា នឹងធ្វើការប្រមូលជនទាំងនោះឲ្យអស់១០០% គឺមិនឲ្យមានការរំខានដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅកំសាន្តក្នុងព្រះរាជពិធីបុណ្យដូចមុនបានទៀតទេ ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ដើម្បីចូលរួមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតនោះ មន្ទីរសង្គមកិច្ចបានត្រៀមរៀបចំកំលាំងដែលមានឯកសណ្ឋានរបស់សង្គមកិច្ចចំនួន៩១នាក់ ដោយបានបែងចែកជា៧ក្រុម ដើម្បីប្រមូលជនអនាថាឬជនពិការដើរសុំទានក្នុងរាជធានីភ្នំពេញ ។ លោកបន្តថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អ្នកសុំទានអាចមានប្រមាណជាង៣០០នាក់ ក្នុងនោះមកពីបណ្តាខេត្តនានាក្នុងទិសដៅមកសុំទាននៅភ្នំពេញមានប្រមាណ២០០នាក់ និងអ្នកសុំទានដែលមានស្រាប់នៅភ្នំពេញប្រមាណជាង១០០នាក់ទៀត

លោក សន  សុផល បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញលើកមុនៗគេតែងទទួលបានព័ត៌មានថា អ្នកសុំទានមួយចំនួនបានឈ្លាតឱកាសលួច លូកឬវះហោប៉ៅយកលុយ និងរបស់របរពីប្រជាពលរដ្ឋ និងមានរហូតដល់មានការប្រើប្រាស់គ្រឿងញៀនទៀតផង តែសម្រាប់ឆ្នាំនេះ មន្ទីរសង្គមកិច្ចបានរៀបចំក្រុមការងារប្រចាំការទាំងយប់ទាំងថ្ងៃ ព្រមទាំងសន្យាថា នឹងលុបបំបាត់ឲ្យអស់មិនឲ្យមានតែម្តង ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ៕

3fb7f5eb-d4e8-4104-9a4d-7943d3e62b88

ចែករំលែក

បញ្ចេញយោបល់