ក្រសួងទេសចរណ៍គ្រោងកោះហៅម្ចាស់អាជីវកម្មរកស៊ីតុកា និងម្ចាស់ភោជនីយដ្ឋានមករៀនជំនាញបដិសណ្ឋាកិច្ចភ្ញៀវ

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
183

ក្រសួងទេសចរណ៍គ្រោងអញ្ជើញម្ចាស់អាជីវកម្មរកស៊ីតុកា តុបុណ្យ និងម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេស ដើម្បីមកទទួលវគ្គបណ្តុះបណ្តាលជំនាញទទួលបដិសណ្ឋាកិច្ចភ្ញៀវ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេមានជំនាញច្បាស់លាស់ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍។
លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧វិច្ឆិកានេះថា ក្រសួងទេសចរណ៍បានប្រកាសឲ្យម្ចាស់អាជីវកម្ម រកស៊ីតុកា តុបុណ្យ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ ឲ្យមកដាក់ពាក្យនៅក្រសួងដើម្បីបានចូលរួមវគ្គបណ្តុះបណ្តាលមួយនេះ ហើយវគ្គបណ្តុះបណ្តាលនេះ គ្រោងនឹងបើកក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកនាមពាក្យរូបនេះបន្តថា វគ្គបណ្តុះបណ្តាលនេះ ក្រសួងនឹងសហកាជាមួយសមាគមន៍ចុងភៅកម្ពុជា និងអ្នកពាក់ព័ន្ធ ដោយមុខជំនាញដែលត្រូវបណ្តុះបណ្តាលនោះរួមមាន៖ ការបង្ហាត់បង្រៀនពីអនាម័យខ្លួនប្រាណមុនពេលធ្វើម្ហូប និងលើកម្ហូបជូនភ្ញៀវ និងការទទួលបដិសណ្ឋាកិច្ចភ្ញៀវប្រកបដោយភាពរាក់ទាក់ និងថ្លៃថ្នូរ ជៀសវាងការមានការរិះគន់ពីសំណាក់ភ្ញៀវ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្មីៗនេះ ធ្លាប់បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការជួយតម្រង់ទិស និងបទពិសោធន៍ជូនដល់ម្ចាស់អាជីវកម្មតុកា តុបុណ្យ និងម្ចាស់ភោជនីយដ្ឋានទាំងអស់នៅទូទាំងប្រទេស យកទៅបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ការបើកឲ្យមានវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមចូលរួមជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយដល់ម្ចាស់អាជីវកម្មរកស៊ីតុកា តុបុណ្យ និងម្ចាស់អាជីវកម្មភោជនីយដ្ឋានកាន់តែទទួលបាននូវការគាំទ្រពីអតិថិជន៕

photo_2016-11-07_13-58-10

ចែករំលែក

បញ្ចេញយោបល់