(បន្ទាយមានជ័យ)៖ ក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនជិត ១ពាន់នាក់លើដែនដីអតីតសមរភូមិសង្រ្គាមរវាងខ្មែរ និងខ្មែរក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរំលឹកថា ប្រសិនបើគ្មាននយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ទេនោះ សង្គមកម្ពុជាមិនអាចលុបបំបាត់សង្រ្គាមហើយស្វែងរកពន្លឺសន្តិភាព ស្ថេរភាពសង្គមបានឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា បើទោះបីមានការអន្តរាគមន៍របស់កងកម្លាំងអង្គការសហប្រជាជាតិក្រោយកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តែមិនអាចលុបបំបាត់កងកម្លាំងខ្មែរក្រហម ដែលបន្តធ្វើសកម្មភាពតស៊ូតាមទល់ដែនក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងឧត្តរមានជ័យបាននោះឡើយ។ កងកម្លាំងតស៊ូនៅតាមជាយដែនរបស់ខ្មែរក្រហមនេះ តែងតែបង្កការអុកឡុកវាយប្រហារលើភូមិឋានប្រជាពលរដ្ឋជារឿយៗ និងបង្កការរំខាន់ជាខ្លាំងដល់ការអភិវឌ្ឍប្រទេសជាតិ រួមទាំងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
បើទោះបីជាយ៉ាងណាក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជនលើដែនដីសមរភូមិខ្មែរ និងខ្មែរនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានពលីកម្មអស់កម្លាំងកាយចិត្ត ហើយក៏មានយុទ្ធជនជាច្រើនទៀតបានពលីជីវិតដើម្បីនាំមកនូវសន្តិសុខ សន្តិភាព និងស្ថេរភាពសង្គមដូចពេលបច្ចុប្បន្ន។ ឆ្លើយតបនិងគុណបំណាច់ទាំងអស់នេះ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ហើយតែងបានជំរុញអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ថែមទៀតទៅសុខទុក្ខរបស់អតីតយុទ្ធជននៅតាមមូលដ្ឋាននេះ។ ឈរលើស្មារតី នៃការយកចិត្តទុកដាក់ខ្ពស់នេះ សមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ បានធ្វើដំណើរជាបន្តបន្ទាប់ចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅតាមស្រុក និងខេត្តទូទាំងប្រទេស ដើម្បីបានជ្រាបនូវស្ថានភាពជាក់ស្តែង នៃការរស់នៅរបស់អតីតយុទ្ធជន។ មានផ្ទះជាច្រើនខ្នង ត្រូវបានសាងសង់ជូនអតីតយុទ្ធជនជួបការលំបាកក្នុងជីវភាព ហើយក៏មានការឧបត្ថម្ភប្រាក់សម្រាប់ជួយក្រុមគ្រួសារ អតីតយុទ្ធជន ដែលជួបជំង ឬទទួលមរណភាពជាដើម។
នៅក្នុងឱកាសនៃពិធីសំណេះសំណាល ជាមួយសមាគមអតីតយុទ្ធជនកម្ពុជាស្រុកម៉ាឡៃចំនួន៩២០នាក់ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់ជូនថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុង ១គ្រួសារ ៥ម៉ឺនរៀលផងដែរ៕