ថ្នាំព្យាបាលក្រពះជាកាំបិតមុខ២

ថ្ងៃពុធ ទី ២៩ វិច្ឆិកា ២០១៧​
762

កាលពីពេលថ្មីៗនេះ ការស្រាវជ្រាវដ៏ធំមួយដែលចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេស (BMJ) បានបង្ហាញថា ក្រុមថ្នាំព្យាបាលរលាកដំបៅក្រពះនិងច្រាលអាស៊ីតក្រពះ បែរជាអាចធ្វើឱ្យកើនហានិភ័យមហារីកក្រពះឡើងទ្វេដង ហើយអាចកើនដល់ទៅប្រាំបីដងប្រសិនប្រើជាប្រចាំក្នុងរយៈពេលច្រើនឆ្នាំ។

ការស្រាវជ្រាវដំណើរការដោយពួកអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យឡុងដ៍ និងសាកលវិទ្យាល័យ ហុងកុង បានបង្ហាញថា អ្នកប្រើជាប្រចាំក្រុមថ្នាំ PPI ដើម្បីព្យាបាលរលាកដំបៅក្រពះ និងជំងឺច្រាលអាស៊ីតក្រពះបំពង់អាហារ មានហានិភ័យកើតមហារីកខ្ពស់២ដង។ រីឯចំពោះអ្នកប្រើថ្នាំក្នុងរយៈពេលវែង នោះហានិភ័យនឹងកើនខ្លាំងឡើងដល់ប្រាំដងក្រោយពីប្រើប្រាស់ជាប្រចាំរយៈពេលបីឆ្នាំ។ ថ្នាំទាំងនេះត្រូវបានដាក់លក់សេរី និងទូទៅនៅតាមឱសថស្ថាន។ ធម្មតាវេជ្ជបណ្ឌិត នឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំក្នុងអំឡុងពេលកំណត់មួយ។ ប៉ុន្តែអ្នកជំនាញបារម្ភថាប្រជាជនអាចទិញនិងប្រើប្រាស់ដោយខ្លួនឯងក្នុងរយៈពេលវែង។

នេះជាលទ្ធផលទទួលបានក្រោយពេលស្រាវជ្រាវលើមនុស្ស៦៣០០០នាក់នៅហុងកុង។ ពួកអ្នកវិទ្យាសាស្រ្តបានព្យាបាលសម្លាប់បាក់តេរី HP សម្រាប់អ្នកបានឆ្លង ដើម្បីកម្ចាត់ហានិភ័យមហារីកបណ្តាលពីបាក់តេរី HP។ បន្ទាប់មក អ្នកជំងឺត្រូវបានតាមដានជាមធ្យមប្រាំពីរឆ្នាំ។ ចុងក្រោយពួកអ្នកស្រាវជ្រាវរកឃើញថា អ្នកប្រើថ្នាំរាល់សប្តាហ៍មានហានិភ័យកើតមហារីកក្រពះខ្ពស់ជាងពីរដង លើសអ្នកមិនប្រើថ្នាំ។

ចំពោះអ្នកប្រើថ្នាំរាល់ថ្ងៃនោះ ហានិភ័យកើនឡើង ៤,៥ដង។ ពិសេសអ្នកប្រើថ្នាំរាល់ថ្ងៃក្នុងរយៈពេលតិចបំផុតបីឆ្នាំ ហានិភ័យកើនឡើងដល់ទៅ ៨,៣ ដង។ ពួកអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា៖ «វេជ្ជបណ្ឌិតគួរប្រយ័ត្នប្រយែងពេលចេញវេជ្ជបញ្ជាថ្នាំ PPI ប្រើរយៈពេលវែង»៕

ចែករំលែក

បញ្ចេញយោបល់