សិង្ហបុរីសន្យាជួយពង្រឹងវិស័យកីឡានៅកម្ពុជាដើម្បីត្រៀមលក្ខណៈរៀបចំSEA GAMES នៅឆ្នាំ២០២៣

ថ្ងៃអង្គារ ទី ២៨ វិច្ឆិកា ២០១៧​
47

កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ផ្ដោតលើការផ្លាស់​ប្តូរបទ​ពិសោធន៍ការ​ងារ​កីឡា និងចលនាអូឡាំពិកក្នុងនោះសិង្ហបុរីនឹងជួយកម្ពុជា ក្នុងការហ្វឹកហាត់កីឡាថ្នាល និង​កម្រិត​​ខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំងនឹងការប្រើសារធាតុ Doping និងផ្តល់​​នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួតកីឡាធំៗ ពង្រឹងសមត្ថភាពមន្រ្តីកីឡា និងកីឡាករកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣។

ការចុះអនុស្សរណៈ និងខ្លឹមសារនៃអនុស្សរណៈនេះ ត្រូវបានបញ្ជាក់ដោយលោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

អនុស្សរណៈខាងលើត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន ជាមួយលោក TAN CHUON JIN សមាជិករដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអូឡាំពិកសិង្ហបុរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ដែលមានលោក SER MIENG សមាជិក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អូឡាំពិកអន្តរជាតិ ជាសាក្សី។

លោក ថោង ខុន បានបញ្ជាក់ថា ខ្លឹមសាររួមនៃកិច្ចសហប្រតិបត្តិការខាងលើ គឺផ្អែកលើគោល​ដៅផ្លាស់​​ប្តូរបទពិសោធន៍ការងារកីឡា និងចលនាអូឡាំពិក ផ្តល់ការបណ្តុះបណ្តាលដល់កម្ពុជា ក្នុង​ការហ្វឹកហាត់កីឡាថ្នាល និងកម្រិតខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំង​​នឹងការប្រើសារធាតុ Doping និងផ្តល់នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួត​កីឡា​ធំៗ។

លោកបានបន្តថា អនុស្សរណៈនេះមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ការពង្រឹង​សមត្ថភាព​​មន្រ្តីកីឡា និងកីឡាករកម្ពុជា ឆ្ពោះទៅត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួល​បានជោគជ័យក្នុងការរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣៕

ចែករំលែក

បញ្ចេញយោបល់