លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានក្តីរំភើបបំផុតក្រោយបានជួយដល់ស្ត្រីពិការភ្នែកទាំងសងខាង ឲ្យមើលឃើញពន្លឺថ្ងៃឡើងវិញ។នេះបើយោងលើការបង្ហោះផ្សាយនូវខ្លឹមសារ និងរូបភាពលើគណនីហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបបងស្រីក្នុងអំឡុងពេលចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារក្រីក្រកាលពីកន្លងទៅ។ក្រោយមក លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យបងស្រីជាប្រចាំ និងជូនបងស្រីទៅទទួលការវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ដោយលោកឧត្តមសេនីយ៍ជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។
ក្រោយពេលវះកាត់២លើក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បងស្រីបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតយើងសារជាថ្មីដោយជោគជ័យ ហើយឃើញច្បាស់ទៀតផង ។ បងស្រីមានក្តីរំភើបឥតឧបមា និងមានបំណងប្រាថ្នា ចង់ជួបមុខ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ផ្ទាល់ ព្រោះកន្លងមកគាត់ធ្លាប់បានស្គាល់ត្រឹមតែសំលេង។