ការលួចយកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតចុងក្រោយដែលបង្ហាញថា លោក Bill Clinton ផ្តល់ការគាំទ្រផ្នែកនយោបាយទៅអ្នកផ្តល់ជំនួយឱ្យមូលនិធិ Clinton ពិតជារឿងមិនពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ទេ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ WikiLeaks បានចេញផ្សាយនូវអ៊ីម៉ែលមួយដែលបង្ហាញពីឧទាហរណ៍នៃការធ្វើសកម្មភាពមនុស្សធម៌មិនស្មោះត្រង់រវាងមូលនិធិ Clinton និងគ្រួសារ Clintons។
នៅក្នុងអ៊ីម៉ែលកាលពីខែមីនា ឆ្នាំ២០១៥ អគ្គនាយកគោលនយោបាយការបរទេសនៃមូលនិធិ Clinton លោក Amitabh Desai បានសួរការឃោសនារបស់គ្រួសារ Clintons ថា តើលោក Bill Clinton អាចជួបអ្នកម្ចាស់ជំនួយមូលនិធិ Clinton នៅអ៊ុយក្រែនគឺ លោក Victor Pinchuk ឬយ៉ាងណា។ គោលបំណងនៃជំនួបនេះ គឺដើម្បីប្រើប្រាស់ លោក Bill Clinton ធ្វើជាកត្តាទាក់ទាញមួយទៅកាន់បណ្តាមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀត ដូច្នោះ លោក Pinchuk អាចចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងទៅនឹងមេដឹកនាំរុស្ស៊ីលោក Putin។ លោក Desai បានសរសេរថា “លោក Victor Pinchuk កំពុងត្រូវបានគេតាមដាន អំពីជំនួបមួយជាមួយនឹងក្រុមហ៊ុន WJC នៅទីក្រុងឡុងដ៍ ឬកន្លែងផ្សេងទៀតនៅអឺរ៉ុប។ ជាការសាកសមណាស់ គាត់ចង់នាំមកជាមួយនូវមេដឹកនាំលោកខាងលិចពីរបីនាក់ទៀត ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន ដោយថា WJC ប្រហែលជាអ្នកចូលរួមដ៏សំខាន់បំផុតរបស់ពួកគេ។
យោងតាមសារព័ត៌មានមួយកាលពីខែសីហានៅក្នុងកាសែត The Wall Street Journal នៅពេលដែលគាត់ជារដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Hillary Clinton បានរៀបចំទទួលអាហារពេលល្ងាចមួយជាមួយលោក Punchk អ្នកបញ្ចុះបញ្ចូលមួយរូបចំពោះកម្មវិធីប្រជុំជាមួយនឹងក្រសួងការបរទេស។ កាសែត The New York Time បានរាយការណ៍ថា កិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើងជាមួយក្រសួងការបរទេស ក្នុងនាម ឬក៏ជាមួយលោក Pinchuk អ្នកផ្តល់ជំនួយ ១០ ទៅ ២៥ លានដុល្លារចំពោះមូលនិធិ Clinton និងបានឱ្យគ្រួសារ Clintons ខ្ចីយន្តហោះឯកជនរបស់ខ្លន។
បើទោះបីជា វាមិនច្បាស់លាស់ថា តើកិច្ចប្រជុំរវាងលោក Bill Clinton និងលោក Pinchuk កើតឡើងនៅពេលណាក៏ដោយ អ៊ីម៉ែលថ្មីមួយបានលាតត្រដាងថា លោក Bill Clinton បានផ្តល់ការគាំទ្រផ្នែកនយោបាយសម្រាប់អ្នកផ្តល់ជំនួយដល់មូលនិធិ Clinton។ អ៊ីម៉ែល និងទំនាក់ទំនងរវាងលោក Pinchuk និងគ្រួសារ Clintons ក៏បានផ្តល់នូវហេតុផលមួយផ្សេងទៀតចំពោះការឃោសនារបស់លោកស្រី Clinton ក្រៅពីការប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងលោក Trump ក៏ជាការជំរុញមួយទប់ទល់នឹងសង្រ្គាមពាក្យសម្តីប្រឆាំងនឹងលោក Putin ផងដែរ។
ព័ត៌មានប្រចំាសប្តាហ៍ដែលចេញផ្សាយនៅដើមឆ្នាំ ២០១៥ បានឱ្យដឹងថា ពាណិជ្ជកម្មរបស់លោក Pinchuk ជាមួយនឹងអ៊ីរ៉ង់ អាចរំលោភលើទណ្ឌកម្មរបស់អាមេរិក ដែលដាក់ប្រឆាំងនឹងប្រទេសនេះ។ ក្រុមហ៊ុន Interpipte Group ដែលជាក្រុមហ៊ុនរបស់លោក Pinchuk បានធ្វើការដឹកនាំជញ្ជូនទំនិញជាច្រើនលើកទៅកាន់អ៊ីរ៉ង់នៅឆ្នាំ ២០១១ និងឆ្នាំ ២០១២។ “ក្រុមហ៊ុន Interpipe អាចសាកសមទទួលទោសទណ្ឌ ដោយសារតែវត្តមានជាក់ស្តែងនៅលើទឹកដីអាមេរិក ដោយមានឈ្មោះក្រុមហ៊ុន Interpipe Inc នៅអាមេរិកខាងជើង ដែលជាសាខាក្រុមហ៊ុនរបស់ខ្លួននៅអាមេរិក។ នេះបើតាមលោក Rory Ross បានសរសេរ។ “អាជ្ញាធរអាមេរិកក៏អាចដាក់ទោសក្រុមហ៊ុនមិនមែនអាមេរិកផ្សេងទៀត ដែលពុំមានមូលដ្ឋាននៅអាមេរិកផងដែរ ហើយបញ្ហនេះ ត្រូវបានគេសន្និដ្ឋានថា ជាសកម្មភាពមួយប្រឆាំងនឹងគោលនយោបាយការបរទេសរបស់ខ្លួន ដូចដែលបានធ្វើឡើងចំពោះក្រុមហ៊ុនប្រេងរបស់ចិន Zhuhai Zhengrong កាលពីឆ្នាំ២០១២”។ លោក Ross បានកត់សម្គាល់ឃើញថា មនុស្សដែលទទួលបន្ទុកនៅពេលធ្វើការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសអ៊ីរ៉ង់គឺលោកស្រី Hillary Clinton៕
ប្រភព : Observer ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦
