សាលាឧទ្ធរណ៍ចាប់ផ្ដើមសវនាការកាត់ទោសលោក កឹម សុខា ក្នុងសំណុំរឿងបទល្មើសបដិសេធក្នុងការចូលខ្លួន

ថ្ងៃសុក្រ ទី ៤ វិច្ឆិកា ២០១៦​
129

(ភ្នំពេញ)៖ សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាឧទ្ធរណ៍ចាប់ផ្ដើមជំនុំជម្រះនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

លោកមេធាវី ចាន់ ចេន បានបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និង លោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។ លោក កឹម សុខា ពុំមានវត្តមានទេ តែមេធាវីរបស់លោកបីរូបបានចូលរួមសវនាការ គឺ លោក ហែម សុជាតិ លោក សំ សុគង់ និង លោក ចាន់ ចេន ។

គួររំលឹកថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

តុលាការរកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕

fn-2016-11-04-08-42-29-0

 

ចែករំលែក

បញ្ចេញយោបល់