លោក ហ៊ុន ម៉ានី៖ យុវជនដើរតួនាទីសំខាន់ណាស់សម្រាប់ទំនាក់ទំនងក្នុងតំបន់ និងអន្តរតំបន់

ថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា ២០១៦​
113

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ស.ស.យ.ក បានបំពេញការងារយ៉ាងសកម្ម ក្នុងការកសាងទំនាក់ទំនង និងមិត្តភាពជាដៃគូ ជាមួយអង្គការយុវជននៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៤ ដែលចេញផ្សាយ ដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក ហ៊ុន ម៉ានី បានបន្តថា ដោយសារយុវជនគឺជាអនាគតថ្នាក់ដឹកនាំ ដូចនេះ ការបង្កើត ការយល់ដឹងរវាងគ្នា និងគ្នា និង កាលានុវត្តភាពនៃទំនាក់ទំនងរវាងយុវជន នឹងដើរតួនាទីសំខាន់ណាស់សម្រាប់គាំទ្រដល់ទំនាក់ទំនងអាស៊ាន និងរុស្ស៊ី បន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

គួររំលឹកផងដែរថា លោក ហ៊ុន ម៉ានី បានលើកឡើងខណៈលោក បានអញ្ជើញចូលរួមចែករំលែក នៅក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី៤ នៅទីក្រុងសៀមរាប ក្រោមប្រធានបទ«យុវជនអាស៊ាន-រុស្ស៊ី៖ ការតភ្ជាប់យុវជន ឲ្យកាន់តែទូលំទូលាយ។ កិច្ចប្រជុំនោះបានពិភាក្សាលើប្រធានបទសំខាន់ៗ ដោយផ្តោតទៅលើតួនាទីរបស់យុវជន ក្នុងការធ្វើឲ្យកាន់តែស៊ីជំរៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ក្នុងវិស័យអប់រំ និងការលើកកម្ពស់ឯកភាពវប្បធម៌ក្នុងភាពចម្រុះ ជាមួយទស្សនៈ ដើម្បីបង្កើនការតភ្ជាប់របស់អាស៊ាន និងរុស្ស៊ី សម្រាប់ការតភ្ជាប់យុវជន នៃតំបន់ទាំងពីរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

fn-2016-11-03-16-19-55-0-1

ចែករំលែក

បញ្ចេញយោបល់