ស្ថាប័នកំពូលៗរបស់ជាតិ និងក្រសួងនានា ព្រមទាំងអង្គការសមាគមក្រៅរដ្ឋាភិបាលជាច្រើន បានបង្ហាញការគាំទ្រ ចំពោះសាលដីការតុលាការកំពូល ជុំវិញការប្រកាសរំលាយគណបក្សសង្រ្គោះជាតិ

ថ្ងៃសុក្រ ទី ១៧ វិច្ឆិកា ២០១៧​
876

បន្ទាប់ពីតុលាការកំពូលប្រកាសសាលដីការស្ថាពរបិទផ្លូវតវ៉ា ដោយសម្រេចរំលាយគណបក្សសង្រ្គោះជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧រួចមក គេសង្កេតឃើញថា ស្ថាប័នកំពូលៗរបស់ជាតិ និងក្រសួងនានា ព្រមទាំងរដ្ឋបាលខេត្តក្រុម រួមទាំងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីពតំណាងកររាប់ម៉ឺននាក់ បានចេញញត្តិគាំទ្រសាលដីការរបស់តុលាការកំពូល ដោយបានលើកឡើងថា ស្មារតីនៃសាលដីការរបស់តុលាការកំពូល គឺជាការសម្រេចដោយផ្អែកលើគោលការណ៍ច្បាប់របស់កម្ពុជាជាធរមាន។

ស្ថាប័នកំពូលៗរបស់ជាតិ ដែលរួមមានព្រឹទ្ធសភា រដ្ឋសភា បណ្តាក្រសួងស្ថាប័នរដ្ឋនានា រដ្ឋបាលនិងអាជ្ញាធរខេត្តក្រុងទូទាំងប្រទេសកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អង្គការសមាគម ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស សហជីពកម្មករ និងរួមទាំងគណបក្សនយោបាយមួយចំនួនផងនោះ សុទ្ធតែបានបង្ហាញការគាំទ្រាំយ៉ាងពេញទំហឹងចំពោះការអនុវត្តនីតិវិធីផ្លូវច្បាប់ និងការសម្រេចរបស់តុលាការកំពូលដែលមានចៅក្រមចំនួន៩រូប សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ ។

ស្ថាប័នទាំងអស់ខាងលើនេះ បានលើកឡើងស្រដៀងគ្នាថា សាលដីការបស់តុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នឹងពង្រឹងស្មារតីគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់រដ្ឋ ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ម៉្យាងទៀត នេះជាការពង្រឹង និងពង្រីកស្មារតីស្នេហាជាតិមាតុភូមិ ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ឯករាជ្យ អធិបតេយ្យភាព ភាពសុខសាន្តរបស់ប្រជាជន កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ញត្តិគាំទ្រ និងសេចក្តីថ្លែងការណ៍នានា របស់ស្ថាប័នទាំងអស់ខាងលើ ក៏បានលើកឡើងផងដែរថា សាលដីការសម្រេចរបស់តុលាការកំពូលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តវិធាននៃច្បាប់ ស្របតាមអង្គហេតុ អង្គសេចក្តី ហើយស៊ីសង្វាក់គ្នាជាមួយសកម្មភាព របស់គណបក្សសង្រ្គោះជាតិ ក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក ដែលបានបង្កចលាចលសង្គមតាមរយៈការធ្វើកុប្បកម្ម និងបាតុកម្មដោយហឹង្សា។ ការសម្រេចរបស់តុលាការកំពូល ពិតជាបានរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមស្របតាមច្បាប់ជាធរមានពិតប្រាកដមែន៕

ចែករំលែក

បញ្ចេញយោបល់