រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ព្រមាន​ចាត់​វិធាន​ការក្តៅ​ចំពោះ​គ្រូពេទ្យរ​​ដ្ឋណា​ទារលុយ​​អ្នក​​ជម្ងឺ​​មុន​ព្យា​បាល

ថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា ២០១៦​
100

14908218_698307200324130_8424581503634325773_nភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា អះអាងថា ក្រសួងនឹងចាត់វិធានការក្តៅចំពោះគ្រូពេទ្យរដ្ឋណាដែលបានទារលុយអ្នកជម្ងឺមុនព្យាបាល ខណៈដែលអ្នកជំងឺកំពុងត្រូវការការជួយសង្រ្គោះបន្ទាន់ពីគ្រូពេទ្យ ដើម្បីលើកស្ទួយវិស័យសុខាភិបាលប្រទេសកម្ពុជាឲ្យកាន់តែមានទំនុកចិត្តពីប្រជាពលរដ្ឋ។

ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល នៅព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចរាយការណ៍មកក្រសួង ឬរូបឯកឧត្តមផ្ទាល់នូវឈ្មោះវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ រដ្ឋណាដែលបានទារលុយពីក្រុមគ្រួសារអ្នកជំងឺ។

លោករដ្ឋមន្រ្តី បន្តថា ក្រសួងនឹងចាត់វិធានការអប់រំណែនាំនិងប្រើប្រាស់វិធានការផ្លូវច្បាប់ប្រសិនបើគ្រូពេទ្យណាដែលនៅតែប្រព្រឹត្តិក្នុងការទារលុយពីអ្នកជំងឺដោយមិនបានព្យាបាលជូនពួកគាត់ ដើម្បីកុំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើមន្ទីរពេទ្យរដ្ឋ។

លោករដ្ឋមន្រ្តី ក៏បានរំពឹងថា នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនេះចេញទៅ វាកាន់តែធ្វើឲ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន ពីព្រោះច្បាប់នេះ បានចាប់បង្ខំឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ឲ្យគោរពនូវវិជ្ជាជីវៈរបស់ខ្លួនក្នុងការព្យាបាលជំងឺដល់ប្រជាពលរដ្ឋ បើពុំដូច្នោះទេអ្នកដែលប្រព្រឹត្តិខុសនឹងទទួលទោសទៅតាមផ្លូវច្បាប់។

លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មានសារៈសំខាន់ណាស់ ដែលនឹងជំរុញឲ្យវិស័យសុខាភិបាល របស់ប្រទេសកម្ពុជាកាន់តែមានការរីកចំរើន និងទប់ស្កាត់ចំពោះការវាយប្រហារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មកលើប្រព័ន្ធសុខាភិបាលកម្ពុជា។

លោក បញ្ជាក់ថា សមាជិកព្រឹទ្ធសភាបាន៥០ លើ៥០ សំឡេង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គដែលដឹកនាំដោយសម្តេច  សាយ ឈុំ ប្រធានព្រឹទ្ធសភាបានលើកដៃបោះឆ្នោតគាំទ្រអនុម័តចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនេះ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការចំពោះគ្រូពេទ្យរដ្ឋ និងឯកជនណាដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មាន៩ជំពូក និង៣៥មាត្រា។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងការពារសុខភាព និងសុវត្ថិភាពប្រជាជនតាមរយៈការផ្តល់នូវ យន្តការដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានចំណេះដឹង សមត្ថភាព និងសម្បទាគ្រប់ គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

សេចក្តីព្រាងច្បាប់នេះដែរ មានគោលដៅកំណត់អំពីវិធានការ និងនីតិវិធីសម្រាប់អ្នកគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងការប្រកបវិជ្ជាជីវៈសុខាភិបាល៕

 

ចែករំលែក

បញ្ចេញយោបល់