លោកបណ្ឌិត អិត សំហេង បានអនុញ្ញាតឱ្យ លោក ណូដា មីណូរុ ចូលជួបសម្តែងការគួរសម

ថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា ២០១៦​
193

កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកបណ្ឌិត អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក ណូដា មីណូរុ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកាកេហាស៊ិអិនធើណេសសិនណល និងប៊ីហ្សេនេស រួមទាំងគណៈប្រតិភូមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលនៃធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធីបញ្ជូនសិក្ខាកាមកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវពីការវិវត្តរីកចំរើន និងស្ថានភាពបច្ចុប្បន្ននៅកម្ពុជាដែលមានសេ្ថរភាពនយោបាយល្អប្រសើរ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុនគួរឱ្យកត់សំគាល់។ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងជប៉ុន និងកម្ពុជា ដែលជានិច្ចកាល ជប៉ុនបានបន្តជួយគាំទ្រលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការជាច្រើនជាមួយក្រសួងផងដែរ ជាពិសេសការផ្តល់ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ឱកាសជូនដល់ពលករកម្ពុជាទៅធ្វើកម្មសិក្សាជំនាញនៅជប៉ុន ដែលរហូតមកដល់ពេលនេះបានប្រមាណជាង ៣៥០០នាក់ហើយ។
ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការបង្កើនបាននូវការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញបច្ចេកទេសវិជ្ជាជីវៈ។
ភាគីជប៉ុនបានសម្តែងនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះសក្តានុពលនៅកម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង។ តបតាមសំណើររបស់ភាគីក្រុមហ៊ុនជប៉ុន លោករដ្ឋមន្រ្តី បានឯកភាពឱ្យរៀបចំជាក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន និងក្រសួងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការជ្រើសរើស គ្រប់គ្រង និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅហាត់ការនៅជប៉ុនឱ្យបានកាន់តែច្រើន ដែលបច្ចុប្បន្នក្រុមហ៊ុននេះទើបមានកម្មសិក្សាការីកម្ពុជាតែ ៤៤នាក់ប៉ុណ្ណោះ៕

h h1 h2

ចែករំលែក

បញ្ចេញយោបល់