សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ដូចនេះថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវធានាដាច់ខាតមិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយការពាររាជរដ្ឋាភិបាលស្របច្បាប់។ សម្តេចតេជោ បានថ្លែងដូចនេះ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា លើប្រធានបទ “ ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ – អន្តរជាតិ និងបញ្ជាផ្សេងៗ” ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ផងដែរថា កងកម្លាំងត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់ខ្លួន ហើយត្រូវចូលរួមកសាងអំពើល្អ និងសកម្មភាពជួយសង្គមឱ្យបានច្រើន។ សំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាតម្រូវការចាំបាច់ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ជីជាតិ ប័ណ្ណស្នាក់នៅ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្រ្តីនគរបាល និងសិក្ខាកាម ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យរីកចម្រើនក្នុងនោះរួមមានដូចជា កងកម្លាំងគ្រប់ប្រភេទត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឱ្យបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ។ ត្រូវពង្រឹងការអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ត្រូវធានាកុំឱ្យមានអំពើភេរវកម្មកើតឡើងដាច់ខាតនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ កងកម្លាំងទាំងអស់ត្រូវចូលរួមសហការជាមួយមន្ត្រីគយ ពន្ធដារ ដើម្បីប្រមូលពន្ធបង្កើនប្រាក់ចំណូលជាតិ ហើយសហការល្អជាមួយមន្ត្រីការពារព្រៃឈើ ធនធានរ៉ែ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការបូមរ៉ែខ្សាច់ និងអំពើរុករករ៉ែខុសច្បាស់ដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង បង្រៀន និងរៀនសូត្រក្រេបយកចំណេះដឹងដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងរីកចម្រើនខ្លាំងឡើងថែមទៀត៕