បណ្តាស្ថានប័នរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តវិធានការ ក្នុងគោលដៅជួយកសិករដាំដុះស្រូវឲ្យលក់ផលិតផលរបស់គេនៅចំពេលតម្លៃស្រូវកំពុងដាំក្បាលចុះ។
រដ្ឋមន្ត្រីក្រសួងកសិកម្មឧត្តមសេនីយ៍ Chatchai Sarikalya បាននិយាយថា ក្រសួងកសិកម្មថៃកំពុងទិញស្រូវផ្កាម្លិះពីកសិករនៅទូទាំងប្រទេស ហើយគាត់បានបន្ថែមថា ស្រូវដែលទិញពីកសិករនឹងត្រូវកិន និងវេចខ្ចប់ដើម្បីលក់។
គាត់បាននិយាយថា “អ្នកបរិភោគនឹងអាចទិញអង្ករដែលមានគុណភាពដែលទទួលបានផ្ទាល់ពីកសិករ ដោយការបញ្ជាទិញអាចធ្វើឡើងបានតាមគេហទំព័ររបស់ស្ថាប័នធ្វើទីផ្សារដើម្បីកសិរ (Marketing Organization for Farmers – MOF)។
លោក Chatchai បាននិយាយថា MOF ក៏នឹងប្រារព្ធ “បុណ្យស្រូវថៃដើម្បីជួយកសិករ” ដើម្បីធ្វើជាច្រកចែកចាយផលិតផលស្រូវទៅកាន់ទីផ្សារផងដែរ។ បុណ្យនោះនឹងធ្វើឡើងចាប់ពីថ្ងៃ
សៅរ៍នេះទៅដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ នេះបើយោងតាមនាយករបស់ MOF ដែលបាននិយាយថា នឹងមានយុទ្ធនាការនៅតាមបណ្តាស្ថាប័នរដ្ឋ បណ្តាមុខជំនួញ និងសាធារណជនទាំងអស់ ឲ្យផ្តល់អង្ករមកធ្វើជាអំណោយនៅរដូវឆ្នាំថ្មី។
អគ្គនាយកផ្នែកផ្សព្វផ្សាយកសិផលលោក Vinaroj Supsongsuk បាននិយាយកាលពីម្សិលមិញថា អង្ករដែលផលិតស្ថិតក្រោមផែនការបន្ទាន់នេះ នឹងត្រូវលក់នៅទូទាំងមណ្ឌលចែកចាយធំៗចំនួន ២៤ របស់ស្ថានប័នខ្លួន និងមណ្ឌលតូចៗចំនួន ១២០ ទៀត នៅទូទាំងប្រទេស។
ទន្ទឹមគ្នានោះដែរ ព្រឹទ្ធបុរសលោក Chongrak Wachrinrat បាននិយាយថា សាកលវិទ្យាល័យ Kasetsart University បានអនុញ្ញាតឲ្យកសិករលក់អង្ករនៅក្នុងទីធ្លាសាកលវិទ្យាល័យនោះ។ គម្រោងនោះ គឺដើម្បីលើកទឹកចិត្តដល់និស្សិតដែលឪពុកម្តាយរបស់គេជាកសិករអាចលក់អង្កររបស់គេដោយផ្ទាល់ដល់អ្នកបរិភោគ។
លោក Chongrak បាននិយាយថា “សាកលវិទ្យាល័យបង្កើតកម្មវិធីនោះឡើង ក្នុងគោលបំណងជួយបន្ធូរបន្ថយបញ្ហារបស់កសិករ។ យើងក៏កំពុងពិភាក្សាអំពីរបៀបដើម្បីជួយកសិករសម្រាប់រយៈពេលយូរផងដែរ”។
បណ្តាអាជ្ញាធរតាមខេត្តក៏ចាប់ផ្តើមផ្តល់កន្លែងទីផ្សារដល់កសិករក្នុងខេត្ត ដើម្បីលក់ស្រូវរបស់គេដោយផ្ទាល់ទៅកាន់អ្នកបរិភោគដែរ។
ខេត្ត Kanchanaburi កាលពីម្សិលមិញបានចាប់ផ្តើមគម្រោង “ផ្សារអង្ករ” របស់ខ្លួននៅក្នុងសាលាខេត្ត ជាទីដែលអ្នកខេត្តអាចទិញអង្ករដោយផ្ទាល់ពីកសិករក្នុងខេត្ត។
អភិបាលខេត្តលោក Sak Somboonto ដែលធ្វើជាអធិបតីបើកពិធីនោះ បាននិយាយថា គម្រោងនោះនឹងអនុញ្ញាតឲ្យកសិករផលិតស្រូវ និងអ្នកបរិភោគជួបគ្នាដោយផ្ទាល់ ដោយមិនចាំបាច់មានឈ្មួញកណ្តាល។
កាលពីម្សិលមិញផងដែរ កសិករជាច្រើនក្រុមនៅក្នុងខេត្តផ្សេងៗគ្នាបានចាប់ផ្តើមលក់អង្កររបស់គេដោយផ្ទាល់ទៅឲ្យអ្នកបរិភោគនៅបរិវេណសកលវិទ្យាល័យ Rangsit នៅខេត្ត Pathum Thani។ កសិករមកពីខេត្ត Suphan និង Uthai Thani បានលក់ប្រភេទអង្ករផ្សេងៗរបស់គេនៅក្នុងតម្លៃថ្លៃជាងតម្លៃដែលផ្តល់ឲ្យដោយឈ្មួញកណ្តាល៕
ប្រភព៖ The Nation ចុះថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦