អ្វី​ទៅ​ជា​ជីវិត?

ថ្ងៃព្រហស្បតិ៍ ទី ២៨ មេសា ២០១៦​
2895

បញ្ចខន្ធ ដែលយើងនាំគ្នាហៅថាជាសត្វ ជាបុគ្គល ឬថាជាតួខ្លួន ការពិតទៅវាគ្រាន់តែជាឈ្មោះ ដែលត្រូវបានមនុស្សសន្មតឡើងដើម្បីប្រើប្រាស់សម្រាប់ហៅ ការរួមបញ្ចូលគ្នានៃខន្ធទាំង ៥ នេះប៉ុណ្ណោះ ។ 

ខន្ធទាំង ៥ នេះជាសភាវៈមិនទៀងទាត់ ហើយទាំងអស់តែងតែផ្លាស់ប្តូរជានិច្ច ។ សភាវៈណាមិនទៀង សភាវៈនោះជាទុក្ខ (យំ អនិច្ចំ តំ ទុក្ខំ ) ។ នេះគឺអត្ថន័យដ៏ពិតប្រាកដ នៃព្រះពុទ្ធវចនៈដែលថា ” និយាយដោយខ្លី ឧបាទានក្ខន្ធ ៥ ជាទុក្ខ ” ។

ខន្ធ ៥ នេះមិនមែនជាសភាវៈតែមួយជាមួយគ្នា សម្រាប់ខណៈដែលតភ្ជាប់គ្នាពីរខណៈនោះទេ ។ ក្នុងន័យនេះ A (ទី១) មិនមែនជា A (ទី២) នោះទេ ។ ឧបាទានក្ខន្ធ ៥ ស្ថិតនៅក្នុងដំណើរនៃការកើតឡើង និងការរលត់ទៅនៃខណៈច្រើន ។

” ម្នាលព្រាហ្មណ៍ៈ វាប្រៀបដូចទឹកដែលហូរធ្លាក់ពីលើភ្នំ ហូរឆ្ងាយហើយលឿន នាំយកអ្វីៗ គ្រប់យ៉ាងទៅព្រមគ្នាជាមួយនឹងទឹកនោះ មិនមានខណៈ (មិនមានការឈប់ជាបណ្តោះអាសន្នណាមួយ ក្នុងខណៈកំពុងហូរធ្លាក់មកនោះ) មិនមានច្រំដែល មិនមានជាលើកទីពីរ នៅពេលវាឈប់ហូរ ប៉ុន្តែវាហូរទៅនិងហូរបន្តទៅរឿយៗ ។ ព្រាហ្មណ៍! ជីវិតមនុស្សក៏ដូច្នោះដែរ ប្រៀបដូចជាទឹកដែលហូរធ្លាក់ពីលើភ្នំ “ 

មួយវិញទៀត ដូចដែលព្រះពុទ្ធអង្គធ្លាប់បានត្រាស់ទៅកាន់ព្រះរដ្ឋបាលថា ” ម្នាលរដ្ឋបាល! លោកទាំងមូលស្ថិតនៅក្នុងដំណើរដែលហូរជានិច្ច និងជាសភាវៈដែលមិនឋិតឋេរ “ 

សភាវៈមួយរលត់ ក៏ជាបច្ច័យឲ្យកើតសភាវៈមួយបន្តទៀត ក្នុងលំនាំនៃហេតុនិងផល ។ មិនមានអ្វីដែលប្រែប្រួល នៅក្នុងសភាវៈទាំងនេះនោះឡើយ ទាំងមិនមានអ្វីនៅពីក្រោយបាតុភូតទាំងនោះ ដែលយើងអាចហៅបានថាជាបុគ្គល ជាសភាវៈឬជាអត្តា ដែលទៀងទាត់ឋិតឋេរ ។ 

មកដល់ចំណុចនេះ គ្រប់គ្នានឹងយល់ស្របថារូប វេទនា សញ្ញា សង្ខារ ឬវិញ្ញាណ គឺមិនអាចហៅបានយ៉ាងពិតប្រាកដថា ជាខ្លួនយើងសោះឡើយ តែពេលដែលខន្ធទាំងនោះ ទាំងដែលជារូបនិងនាម អាស្រ័យនូវគ្នានឹងគ្នាធ្វើការរួមគ្នាប្រដូចទៅនឹងគ្រឿងយន្ត ដែលមានទាំងរាងកាយនិងចិត្តគំនិត (ប៉ុណ្ណោះ) យើងក៏មានការគិតថា ” ជាខ្លួនយើង ” កើតឡើងមក ។ 

វាគ្រាន់តែជាការគិតដែលខុស ជាសង្ខារក្ខន្ធ ដែលមិនមែនជាអ្វីដទៃ ក្រៅតែអំពីសភាវធម៌មួយក្នុងចំណោមសង្ខារ (ចេតសិក) ៥២ ប្រភេទរបស់ខន្ធទី ៤ (សង្ខារក្ខន្ធ) ដែលយើងបានអធិប្បាយរួចមកហើយ មានឈ្មោះថា សក្កាយទិដ្ឋិ (ទិដ្ឋិដែលយល់ឃើញថាមានតួខ្លួន) ។

រួមខន្ធទាំង ៥ ចូលជាមួយគ្នា ជាអ្វីដែលយើងនាំគ្នាហៅជាទូទៅថាសត្វនេះ គឺជាទុក្ខ (សង្ខារទុក្ខ) ។ ការពិតទៅ មិនមានអ្វីដទៃដែលជាសត្វ ជាបុគ្គលឬជាខ្លួនយើង នៅពីក្រោយខន្ធទាំង ៥ ដែលជាអ្នកសោយនូវទុក្ខនោះឡើយ ដូចដែលព្រះពុទ្ធឃោសាចារ្យបានពោលទុកថា ” មានត្រឹមទុក្ខប៉ុណ្ណោះដែលតាំងនៅ តែអ្នកសោយទុក្ខមិនមាន ។ ការធ្វើអំពើមានប្រាកដ តែមិនប្រាកដនូវអ្នកធ្វើអំពើ ។ មិនមានអ្នកធ្វើចលនា ដែលមិនធ្វើចលនា នៅពីក្រោយនៃការធ្វើចលនានោះឡើយ គ្រប់យ៉ាងវាគ្រាន់តែជាចលនាប៉ុណ្ណោះ ” ។ មិនមែនជាការត្រឹមត្រូវឡើយដែលនឹង និយាយថា ជីវិតកំពុងធ្វើចលនា ដ្បិតថាជីវិតគឺជាចលនាហ្នឹងឯង ។ ជីវិតនិងចលនា មិនមែនជាសភាវៈពីរដែលដាច់ចេញពីគ្នា ឬពោលម៉្យាងទៀតថា មិនមានអ្នកគិតនៅពីក្រោយនៃការគិត ពោលគឺការគិតនោះឯងជាអ្នកគិត បើអ្នកឈប់គិត ក៏នឹងមិនមានអ្នកគិតដែលត្រូវបានរកឃើញ ។

ដោយយោងទៅតាម ការបកស្រាយទាំងអម្បាលម៉ាននេះ (ខ្ញុំសង្ឃឹមថា) អ្នកប្រហែលជាមិនធ្លាក់ទៅក្នុងគំនិតដែលថា ហេតុអ្វីទើបទស្សនៈរបស់ព្រះពុទ្ធសាសនា មានលក្ខណៈជាបដិបក្ខទៅនឹងទ្រឹស្តីរបស់វិទ្យាសាស្រ្ត ដែលថា ” ខ្ញុំគិត ព្រោះហេតុដូច្នេះទើបមានខ្ញុំ ” ។

ម្តងនេះអាចនឹងមានជាសំណួរចោទឡើងថា ” តើជីវិត (ជាតិដំបូងបំផុត) មានចំណុចចាប់ផ្តើមតាំងពីពេលណា? ” ។ ផ្អែកតាមគោលធម៌ របស់ព្រះពុទ្ធជាម្ចាស់ ចំណុចចាប់ផ្តើមនៃជីវិតរបស់សត្វ ជារឿងដែលបុគ្គលមិនអាចដឹងបាន ។ អ្នកដែលជឿថា ព្រះជាម្ចាស់ជាអ្នកបង្កើតជីវិត អាចនឹងប្លែកក្នុងចិត្តសម្រាប់ចម្លើយនេះ (របស់ព្រះពុទ្ធជាម្ចាស់) ប៉ុន្តែប្រសិនបើយើងសួរទៅគេវិញថា ” ចុះតើអ្វីជាចំណុចចាប់ផ្តើមរបស់ព្រះជាម្ចាស់នោះ? ” ។ គេនឹងឆ្លើយមកវិញភ្លាមដោយមិនស្ទាក់ស្ទើរថា ” ព្រះជាម្ចាស់គ្មានចំណុចចាប់ផ្តើម ” ហើយគេក៏នឹងមិនប្លែកក្នុងចិត្តចំពោះចម្លើយរបស់គេឡើយ ។ 

ព្រះពុទ្ធជាម្ចាស់ត្រាស់ថា ” ម្នាលភិក្ខុទាំងឡាយ សង្សារវដ្តនេះមានទីបំផុត ដែលបុគ្គលមិនអាចឃើញបាន ។ ការចាប់ផ្តើមដំបូងបំផុតរបស់ពពួកសត្វ ដែលត្រាច់ទៅដោយជុំវិញ (វិលវល់កើតស្លាប់) ត្រូវគ្របដណ្តប់ដោយអវិជ្ជានិងតណ្ហាសវៈរួបរឹតទុក មិនអាចប្រាកដឲ្យដឹងបាន ” ។ 

បន្ថែមលើនោះទៅទៀត ពេលត្រាស់ទៅដល់អវិជ្ជា ដែលជាដើមហេតុដ៏សំខាន់នៃដំណើរត្រាច់របស់ជីវិត (សត្វលោក) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ” ចំណុចចាប់ផ្តើមរបស់ អវិជ្ជា មិនប្រាកដក្នុងលំនាំដែលអាចអះអាងបានថា មិនមានអវិជ្ជមុនពេលបច្ចុប្បន ” ។ ដូច្នេះទើបមិនអាចទៅរួចដែលនឹងនិយាយថា មិនមានជីវិតមុនពេលបច្ចុប្បន្ន ។

នេះគឺខ្លឹមសារដោយសង្ខេប របស់អរិយសច្ចៈស្តីអំពីទុក្ខ ។ ជាការចាំបាច់ក្រៃលែង ក្នុងការយល់នូវអរិយសច្ចៈ ប្រការដំបូងនេះឲ្យបានច្បាស់ព្រោះដូចដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទុកថា ” បុគ្គលដែលឃើញទុក្ខ រមែងឃើញហេតុដែលនាំឲ្យកើតទុក្ខ ការរលត់ទៅនៃទុក្ខ និងផ្លូវដែលនាំឆ្ពោះទៅកាន់ការរំលត់ទុក្ខ “ 

ប្រការដែលបានពោលមកទាំងប៉ុន្មាននេះ មិនបានធ្វើឲ្យជីវិតរបស់ពុទ្ធសាសនិកជនពេញទៅដោយសេចក្តីទុក្ខ ឬពេញទៅដោយសេចក្តីសោក ដូចដែលមនុស្សមួយចំនួន (អពុទ្ធិបុគ្គល) ធ្វើការវាយតម្លៃយ៉ាងខុសឆ្គងនោះឡើយ ។ 

ផ្ទុយទៅវិញ ពុទ្ធសាសនិកបុគ្គល (ដ៏ពិតប្រាកដ) ជាអ្នកដែលមានសេចក្តីសុខបំផុត ក្នុងបណ្ដាអ្នកដែលមានជីវិតរស់នៅ ។ គេមិនមាននូវការភ័យខ្លាច ឬក្តីកង្វល់ ហើយជាអ្នកដែលមានសេចក្តីស្ងប់និងសេចក្តីរីករាយ ទាំងមិនជាមនុស្សដែលត្រូវទុក្ខគ្របដណ្តប់បាន ឬមានការភ័យតក់ស្លុតព្រោះអាស្រ័យការប្រែប្រួលផ្លាស់ប្តូរ ឬហាយនភាព (សេចក្តីវិនាសសាបសូន្យ) ដ្បិតថាគេឃើញសភាវៈ គ្រប់យ៉ាងទៅតាមសេចក្តីពិត ។

ព្រះពុទ្ធអង្គមិនធ្លាប់ជាអ្នកសោកសៅ ឬមិនស្រស់ថ្លាដល់ម្តងណាឡើយ ព្រះអង្គបានទទួលនូវការលើកសរសើរ ដោយបុគ្គលរួមជំនាន់ជាមួយព្រះអង្គជាច្រើន (រួមទាំងមេដឹកនាំសាសនាដទៃទៀត) ថា ជាអ្នកមានព្រះភ័ក្រ្ត ពេញទៅដោយភាពស្រស់ថ្លា (ស្នាមញញឹម) ជានិច្ច (មិហិតបុព្វង្គមា) ។ 

សូម្បីក្នុងសិល្បៈគំនូរនិងបដិមាកម្មផ្នែកព្រះពុទ្ធសាសនា រូបរបស់ព្រះពុទ្ធជាម្ចាស់រមែងបង្កប់ទៅដោយសេចក្តីសុខលើព្រះភ័ក្រ្ត មានភាពត្រជាក់ត្រជុំ សេចក្តីស្ងប់និងមហាករុណា មិនមានលក្ខណៈដែលបង្ហាញឲ្យឃើញពីសេចក្តីទុក្ខ សេចក្តីសោកសៅឬការឈឺចាប់ ដែលយើងអាចប្រទះឃើញបាននោះឡើយ ។ 

សិល្បៈនិងស្ថាបត្យកម្មផ្នែកព្រះពុទ្ធសាសនាដូចជាព្រះវិហារជាដើម ក៏មិនដែលផ្តល់នូវអារម្មណ៏ ដែលពោរពេញទៅដោយភាពមួហ្មង ឬសោកសៅ ។ ផ្ទុយទៅវិញ គឺបានបង្កើតនូវបរិយាកាសនៃសេចក្តីស្ងប់ និងពេញទៅដោយសេចក្តីរំភើបរីករាយ ។

ស្រងចាកសៀវភៅ “ ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? ” ប្រែសម្រួលដោយ លីន-កុសល

ដោយ៥០០០ឆ្នាំ 

 

Live

ចែករំលែក

បញ្ចេញយោបល់