លោក គឹម សន្តិភាព៖ យានយន្តកែច្នៃ ខុសបច្ចេកទេស ដែលមិនព្រមកែច្នៃ ឱ្យត្រូវតាមច្បាប់វិញ នឹងត្រូវប្រឈមការពិន័យ នៅនឹងកន្លែង

ថ្ងៃពុធ ទី ២ វិច្ឆិកា ២០១៦​
160

តាមប្រសាសន៍របស់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជាអនុប្រធាន ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស  ចំណុះឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់បណ្តាញព័ត៌មាន GNN ឱ្យដឹង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថា ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានចុះអនុវត្ត វិធានការ ត្រួតពិនិត្យ និងពិន័យចំពោះយានយន្តខុសបច្ចេកទេស ដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ ទាំងអស់ រយៈពេល២សប្តាហ៍មកហើយ បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានទុកពេលឱ្យម្ចាស់យានយន្តទាំងអស់ ស្ម័គ្រចិត្តទៅកែរថយន្តខ្លួនឯងវិញ ឱ្យត្រូវទៅតាមច្បាប់ អស់រយៈពេលជាច្រើនខែមកហើយ។

ចំពោះការអនុវត្តវិធានការវិញ តាមប្រសាសន៍របស់ លោក គឹម សន្តិភាព បានបញ្ជាក់ថា នៅពេលរកឃើញថាយានយន្តណាធ្វើការកែច្នៃខុសលក្ខណៈបច្ចេក យើងនឹងធ្វើការអនុវត្តនៅនឹងកន្លែងតែម្តង ឧទាហរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ ដែលតទ្រង់ឡើងលើបន្ថែម ខុសលក្ខណៈបច្ចេកទេស គឺនឹងត្រូវធ្វើការកាត់នៅនឹងកន្លែងតែម្តង និងធ្វើការផាកពិន័យដល់ម្ចាស់យានយន្ត និងក្រុមហ៊ុនជាក់ស្តែងតែម្តង។ គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងគោលបំណង ត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស ដើម្បីធ្វើការកែតម្រូវលក្ខណៈបច្ចេកទេស ធ្វើការពិន័យអន្តរការណ៍ ឬបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីវិនិច្ឆ័យតាមច្បាប់ និងដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យ យានយន្តកែច្នៃខុសបច្ចេកទេសរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត។ ក្រុមការងារនេះ មានសមាសភាព ចំនួន១២រូប ដែលមាន លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។

គួរបញ្ជាក់ថា ចុះអនុវត្តវិធានការត្រួតពិនិត្យ និងពិន័យចំពោះយានយន្តខុសលក្ខណៈបច្ចេកទេសនេះ គឺធ្វើឡើងគ្រប់រាជធានី ខេត្ត ក្រុង ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាអនុប្រធាននៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស លោក គឹម សន្តិភាព ក៏បានអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូន ចូលរួមអនុវត្តវិធានការនេះដោយស្ម័គ្រចិត្ត និងសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ក្រុមការងារនឹងបន្តអនុវត្តវិធានការនេះ ដោយតម្លាភាព ពុំមានការរើសអើង និងមិនមានការរាថយឡើយ ទោះរថយន្តមានសញ្ញាសំគាល់អ្វីក៏ដោយ៕
kim-santepheap-4-7-201614925293_1241624612567283_69924212088771916_n14962662_1241624622567282_7454713994880461680_n14915679_1241624609233950_5023469922164075938_n

ចែករំលែក

បញ្ចេញយោបល់