សេដ្ឋកិច្ចនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក

ថ្ងៃពុធ ទី ២ វិច្ឆិកា ២០១៦​
236

អ្នកនិពន្ធ “ការធ្វើឲ្យមានតុល្យភាពឡើងវិញ” លោក Mercy Kuo បានទាក់ទងជាប្រចាំ ជាមួយអ្នកជំនាញលើប្រធានបទសំខាន់ៗ អ្នកអនុវត្តគោលនយោបាយ និងអ្នកគិតគូរខាងយុទ្ធសាស្រ្តនៅទូទាំងសកលលោក ដើម្បីទទួលបានទស្សនៈផ្សេងៗគ្នាចំពោះគោលនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញរបស់សហរដ្ឋអាមេរិកនៅអាស៊ី។ ការសន្ទនាជាមួយលោក Ziad Haider តំណាងពិសេសទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងអាជីវកម្មនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដឹកនាំការិយាល័យកិច្ចការពាណិជ្ជកម្ម និងអាជីវកម្មនៅក្នុងការិយាល័យកិច្ចការសេដ្ឋកិច្ច និងអាជីវកម្ម ដើម្បីជួយ និងលើកកម្ពស់ផលប្រយោជន៍អាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស សហគ្រិនភាពនៅលើសកលលោក និងការការពារកម្មសិទ្ធិបញ្ញា គឺជាភាគទី៦៥ នៃ “ទស្សនៈលើគោលនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញ” ។

សូមពន្យល់អំពីសារៈសំខាន់នៃសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងនយោបាយការបទេស របស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់អាស៊ី។

ចាប់តាំងពីថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក រដ្ឋមន្រ្តីការបរទេស John Kerry  បាននិយាយថា នយោបាយការបរទេសគឺជានយោបាយសេដ្ឋកិច្ច ហើយនយោបាយសេដ្ឋកិច្ចគឺជានយោបាយការបរទេស។ នយោបាយនេះគ្មានកន្លែងណាពិតជាងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឡើយ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសកលលោក។ ផ្នែកមួយដ៏សំខាន់នៃគោល នយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញរបស់ប្រធានាធិបតី Obama គឺ ការចូលរួមរបស់យើង លើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ វាគឺជារបៀបវារៈមួយដែលចាប់ផ្តើមជាមួយពាណិជ្ជកម្មពី ព្រោះសេដ្ឋកិច្ចមិនអាចលូតលាស់ដោយគ្រាន់តែទិញ និងលក់ទៅឲ្យប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ទេ។ ពាណិជ្ជកម្មបង្កើតការងារ លើកកម្ពស់វិបុលភាព និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងអស់។ ប៉ុន្តែ ពាណិជ្ជកម្មតែឯងមិនទាន់គ្រប់គ្រាន់ឡើយ។ នយោបាយការបរទេសរបស់យើងក៏ជួយសម្រួលដល់បណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលវិនិយោគទុននៅអាស៊ីផងដែរ។  ពេលដែលក្រុមហ៊ុនទាំងនោះមកបណ្តាក់ទុនវិនិយោគ យើងដឹងតាមបទពិសោធន៍ថាពួកគេមិនត្រឹមតែវិនិយោគបានផលចំណេញប៉ុណ្ណោះទេ គឺពួកគេក៏ធ្វើអំពើល្អផងដែរ។ បរិមាណ និងគុណភាពបង្ហាញច្បាស់អំពីការចូលរួមរបស់យើងលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ ក្រៅពីពាណិជ្ជកម្ម និងវិនិយោគទុន យើងក៏ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍផងដែរ។ ជាក់ស្តែង តាមរយៈកម្មវិធីផ្តួចផ្តើមទន្លេមេគង្គក្រោម (Lower Mekong Initiative) យើងបានបើកមជ្ឈមណ្ឌលសហគ្រិនភាពសំរាប់ស្រ្តីនៅកម្ពុជា ហើយក្នុងពេលឆាប់ៗ យើងនឹងបើកមួយទៀតនៅក្នុងប្រទេសវៀតណាម។ និយាយរួម សេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាស្នូលនៃនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញរបស់ សហរដ្ឋអាមេរិកនៅអាស៊ី។

តើអ្វីទៅជាតួនាទីនៃវិស័យការទូតសាធារណៈ?

វិស័យការទូតសាធារណៈជួយជម្រុញឲ្យមានការផ្សារភ្ជាប់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ការផ្សារភ្ជាប់ ទាំងនោះមិនត្រឹមតែជំរុញឲ្យមានទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរប៉ុណ្ណោះទេ គឺថែមទាំង ជួយបង្កើនវិបុលភាពរួមគ្នាផងដែរ។ កម្មវិធីផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (Young Southeast Asian Leaders Initiative) គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលយើងផ្តល់ការបណ្តុះបណ្តាល ការសិក្សា និងផ្តល់ឱកាសដល់មេដឹកនាំជំនាន់ថ្មី ដែលក្នុងចំណោមនោះពួកគេជាច្រើនគឺជាសហគ្រិនដែលកំពុងចេញពន្លក។

តើអាស៊ីកំពុងបង្កបង្កើត វិនិយោគលើ និងធ្វើឲ្យសហគ្រិនក្នុងស្រុកលូតលាស់ដោយវិធីណា ហើយអ្វីទៅជាផលប៉ះពាល់សំរាប់ការប្រកួតប្រជែង និងសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក?

ការលើកកម្ពស់សហគ្រិនភាពនៅអាស៊ីប៉ាស៊ីហ្វិកគឺជាអាទិភាពកំពូលមួយសំរាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ពីព្រោះយើងយល់ថាការលូតលាស់ នៃអាជីវកម្មដែលចាប់ផ្តើមដំបូងៗគឺមានសារៈសំខាន់ជាអាយុជីវិតក្នុងការដោះស្រាយបញ្ហាសង្គម មួយចំនួនដែលស្មុគស្មាញជាងគេ ដូចជា អំពើពុករលួយ បម្រែបម្រួលអាកាសធាតុ និង ភាពជ្រុលនិយមដែលបង្កហិង្សា។ ក្រោមកម្មវិធីផ្តួចផ្តើមថ្មីភ្ជាប់សហរដ្ឋអាមេរិកជាមួយអាស៊ាន (U.S.-ASEAN Connect Initiative) របស់ប្រធានាធិបតី Obama ដែលជាក្របខណ្ឌការងារដ៏សំខាន់នៃការចូលរួមរបស់យើងលើវិស័យសេដ្ឋកិច្ចជាមួយអាស៊ាន មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានដឹកនាំកម្មវិធីផ្សព្វផ្សាយអំពីគំនិតច្នៃប្រឌិតថ្មីៗរបស់អាមេរិក រួមជាមួយ វិស័យឯកជនរបស់អាមេរិកទៅកាន់ប្រទេសភូមា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ គោលបំណងនៃការផ្សព្វផ្សាយនេះគឺដើម្បីលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងអស់ឲ្យប្រកាន់យកបរិយាកាសច្បាប់បញ្ញត្តិមួយដែលជួយដល់សហគ្រិន និងជម្រុញឲ្យមានការចូលរួមពីសហគ្រិនវ័យក្មេង និងផ្សារភ្ជាប់គំនិតរបស់ពួកគេជាមួយដើមទុន។ នៅក្នុងជំនួបកំពូលសហគ្រិនភាពសកលលោក (Global Entrepreneurship Summit -GES) ថ្មីៗបំផុត ដែលធ្វើឡើងនៅ Silicon Valley ក្នុងខែ មិថុនា យើងបានបង្កើតគណៈកម្មការជាក់លាក់មួយសំរាប់ការពិភាក្សាអំពីសហគ្រិននៅអាស៊ាន។

អាស៊ីអាគ្នេយ៍មិនត្រឹមតែជាផ្នែកមួយរបស់អាស៊ី ដែលដល់ពេលវេលាសំរាប់សហគ្រិន ភាព និងគំនិតច្នៃប្រឌិតថ្មីៗប៉ុណ្ណោះទេ។ នៅក្នុងខែ មីនា ឧបការីរដ្ឋមន្រ្តី លោក Rivkin បានដឹកនាំការផ្សព្វផ្សាយនៅក្នុងទីក្រុងចំនួនបួននៅប្រទេសឥណ្ឌា ដែលលោកមានឱកាសស្តាប់អំពីការងាររបស់សហគ្រិនខាងបច្ចេកវិទ្យាបៃតងដែលមិនប៉ះពាល់បរិស្ថាន និងការគាំទ្រដែលពួកគេទទួលបានពីរដ្ឋាភិបាលឥណ្ឌាតាមរយៈកម្មវិធីផ្តួចផ្តើមថ្មីៗដូចជា Digital India និង Startup India ។ ឥណ្ឌាក៏ បានយល់ព្រមធ្វើជាសហប្រធានជំនួបកំពូល GES លើកក្រោយនៅឆ្នាំ ២០១៧ ដែលជាវេទិកាដ៏ធំសម្បើមមួយដើម្បីបង្ហាញអំពីសហគ្រិននៅក្នុង និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គេក៏គួរកត់សំគាល់ថា នៅក្នុងករណីខ្លះ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកកំពុងដើរតួនាទីផ្ទាល់នៅក្នុងដំណើរការបង្កបង្កើតសហគ្រិននៅក្នុងស្រុក។ ជាក់ស្តែង ក្រុមហ៊ុន MetLife បានធ្វើជាដៃគូជាមួយរដ្ឋាភិបាល សិង្ហបូរីដើម្បីចាប់ផ្តើមការបង្កបង្កើត និងការពន្លឿនមួយ ដែលនឹងអនុញ្ញាតឲ្យអ្នកមានគំនិតច្នៃប្រឌិតថ្មីៗដ៏ឆ្លៀសវៃបំផុតរបស់អាស៊ីដោះស្រាយបញ្ហាសង្គមដ៏ពិបាកពិតប្រាកដ។

តើអ្វីទៅជានិន្នាការដែលកំពុងលេចឡើងចំនួនបីនៅក្នុងសហគ្រិនភាពសកលលោក ដែលអ្នក ធ្វើគោលនយោបាយគួរតែពិនិត្យមើល?

និន្នាការទីមួយ ដែលអ្នកធ្វើគោលនយោបាយត្រូវយល់គឺថា សហគ្រិនភាពគឺពិតជាបាតុភូត សកលមួយនៅពេលបច្ចុប្បន្ននេះ។  គ្មានភស្តុតាងណាសំរាប់បាតុភូតនេះប្រសើរជាងចំនួននៃការដាក់ពាក្យជិត ៥.០០០ ដែលយើងបានទទួលពីសហគ្រិន ដែលមានការចាប់អារម្មណ៍ក្នុងការចូលរួមជំនួបកំពូល GES នៅពេលថ្មីៗបំផុតនេះឡើយ។ ពួកគេបានបញ្ជូនពាក្យសុំចូលរួមពីប្រទេស ចំនួន ១៧៤  ដែលជាការបង្ហាញច្បាស់អំពីការពិតថាគំនិតល្អៗគឺគ្មានព្រំដែនកំណត់ឡើយ។

និន្នាការទីពីរ ដែលអ្នកធ្វើគោលនយោបាយ និងសាធារណជនទូទៅគួរពិនិត្យមើលគឺការកើនឡើងនៃចលនាឆ្ពោះទៅកាន់សហគ្រិនភាពសង្គម។ សហគ្រិនសង្គមអន្ទះសារមិនត្រឹម តែចង់រកលុយប៉ុណ្ណោះទេ គឺថែមទាំងចង់ធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងកាន់តែប្រសើរមួយ។ ៨៥ ភាគរយនៃសហគ្រិនចំនួន ៧០០ នៅឯជំនួបកំពូល GES នៅឆ្នាំនេះបានកំណត់ខ្លួនឯងជា សហគ្រិនសង្គម។  ពួកគេតំណាងឲ្យគំនិតជឿនលឿនថ្មីនៃភាពជាដៃគូរវាងសាធារណៈ និងឯកជន ដោយសារតែពួកគេអាចប្រើប្រាស់ទំហំ និងវិសាលភាពរបស់រដ្ឋាភិបាលដើម្បីពង្រីកឥទ្ធិពល នៃគំនិតច្នៃប្រឌិតថ្មីៗរបស់ខ្លួន ហើយទីបំផុតជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំបាកជាងគេមួយចំនួននៅលើពិភពលោក។

ហើយជាចុងក្រោយ និន្នាការទីបីដែលយើងបានឃើញគឺថា សហគ្រិនវ័យក្មេងដែលទាញ យកប្រយោជន៍ពីបច្ចេកវិទ្យាវិមជ្ឈការថ្មីៗ ដូចជា Blockchain ជាដើម។ ជាក់ស្តែង The U.S. startup Factom របស់សហរដ្ឋអាមេរិកបានប្រើបច្ចេកវិទ្យាប្រភពបើកចំហដើម្បីរៀបចំដំណោះស្រាយតម្លាភាពក្នុងការកាត់បន្ថយអំពើពុករលួយ។

សហគ្រិនភាពសកលលោកគឺមានសារៈសំខាន់ខ្លាំងចំពោះកំណើនសេដ្ឋកិច្ចសកលលោក។ តើមានបញ្ហាប្រឈម និងឱកាសអ្វីខ្លះសំរាប់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកក្នុងការលើក កម្ពស់សហគ្រិនភាពសកលលោក ដែលជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក?

ដោយសំឡឹងមើលទៅមុខ ឱកាសច្បាស់លាស់មួយដែលយើងមើលឃើញ ដូចខ្ញុំបានលើកឡើងខាងលើគឺ ការបន្តមានជំនួបកំពូលសហគ្រិនភាពសកលលោក (Global Entrepreneurship Summit)។ ជំនួបកំពូលចំនួនប្រាំពីរលើកមុនៗបានបង្ហាញនូវសហគ្រិនចំនួនជាង ១៥.០០០ ដែល មកពីទូទាំងពិភពលោក ហើយការដែលឥណ្ឌាយល់ព្រមធ្វើជាម្ចាស់ផ្ទះជំនួបកំពូល GES នៅឆ្នាំ ២០១៧ គឺជាការវិវត្តន៍មួយជាវិជ្ជមានដែលមិនអាចប្រកែកបាន។

ប្រាកដណាស់ យើងក៏មានបញ្ហាប្រឈមផងដែរ។ ជារឿយៗ រដ្ឋាភិបាលស្វែងរកដំណោះ ស្រាយភ្លាមៗ ដោយគ្មានឆន្ទៈធ្វើកំណែទម្រង់ដ៏ចាំបាច់ដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញា និង កាត់បន្ថយការរាំងស្ទះខាងហិរញ្ញវត្ថុ បទបញ្ញត្តិ និងការរាំងស្ទះដទៃទៀតចំពោះសហគ្រិនភាព និងចំពោះកំណើនឡើយ។

និយាយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងខែ មិថុនា ឆ្នាំ ២០១៦ ប្រធានាធិបតី Obama បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលបញ្ចូលការលើកកម្ពស់សហគ្រិនភាពសកល លោកទៅក្នុងស្ថាប័ន។ ដោយពិនិត្យលើអំណាចដែលអាចកើតមានពេលដែលយើងពង្រីកគំនិតល្អៗ ហើយ ការដែលស្មារតីសហគ្រិនភាពរបស់អាមេរិកគឺជាគុណតម្លៃមួយក្នុងចំណោមគុណតម្លៃជា ច្រើនដែលយើងមានការកោតសរសើរខ្លាំងបំផុតនៅជុំវិញពិភពលោក យើងរំពឹងថាប្រធានាធិបតី ថ្មីនឹងមានចិត្តចង់កសាងលើមូលដ្ឋាននេះ និងបន្តលើកកម្ពស់សហគ្រិនភាពនៅទូទាំងសកលលោក៕

ប្រភព : The Diplomat ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦

thediplomat_2016-10-31_17-04-04-386x256

 

 

 

ចែករំលែក

បញ្ចេញយោបល់